នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធី iOS ជំនាន់ 15.0.2 ដើម្បីកែសម្រួលភាពចន្លោះ ប្រហោងនៅក្នុងកម្មវិធី Photos និងបញ្ហាសុវត្ថិភាពមួយចំនួនទៀត។
បើតាមការផ្សព្វផ្សាយរបស់ ក្រុមហ៊ុនបានឱ្យដឹងថា ជាមួយកម្មវិធី iOS 15.0.2 ក្រុមហ៊ុនបានធ្វើការកែសម្រួលបញ្ហា ដែលធ្វើឱ្យរូបថតនៅក្នុងកម្មវិធី Photos ត្រូវបានលុបចោល និងបញ្ហាដែលអ្នកប្រើប្រាស់ មិនអាចរកឃើញ iPhone Leather Wallet និង AirTags នៅក្នុងកម្មវិធី Find My។
ជាងនេះទៀតក្រុមហ៊ុន ក៏បានធ្វើការកែសម្រួលបញ្ហាសុវត្ថិភាព ដែលមានលេខសំគាល់ CVE-2021-30883 ដែលអាចឱ្យជនខិលខូចដំណើរការ កូដដោយពុំមានការដាក់កំណត់ នៅក្នុងប្រព័ន្ធឧបករណ៍បច្ចេកវិទ្យា (Kernel mode)។
គួរបញ្ជាក់ដែលថា កាលពីខែកញ្ញា អ្នកប្រើប្រាស់មួយចំនួន បានរកឃើញថា រូបភាពរបស់ពួកគេដែលបាន ទាញយកពីកម្មវិធី Messages ដើម្បីរក្សានៅក្នុងកម្មវិធី Photos ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ នៅពេលដែលទូរសព្ទ របស់ពួកគេបានបានធ្វើការ Backup ជាមួយនឹងកម្មវិធី iCloud ប្រសិនបើពួកគេបានលុបចោលសារ ដែលមានរូបភាពទាំងនោះចេញពីកម្មវិធី Messages។
ដើម្បីធ្វើបច្ចុប្បន្នភាព កម្មវិធីនៅក្នុងទូរសព្ទ លោកអ្នកអាចចូលទៅក្នុង Settings > General > Software Update៕