ក្រសួងស្នើម្ចាស់រោងចក្រ អនុញ្ញាតឱ្យកម្មករឈប់សម្រាក១ថ្ងៃ នៅថ្ងៃដែលត្រូវចាក់វ៉ាក់សាំងដូសជំរុញ

0
9

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើរដល់ម្ចាស់រោងចក្រ សហគ្រាស អនុញ្ញាតឱ្យកម្មករ និយោជិតឈប់សម្រាក១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលត្រូវចាក់វ៉ាក់សាំងដូសជំរុញ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារបានឲ្យដឹងថា យោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានចក្ខុវិស័យ ច្បាស់លាស់ ក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដូចជារក្សាបាននូវស្ថិរភាព ខ្សែច្រវ៉ាក់ផលិតកម្ម និងសុខភាពរបស់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១តទៅ កងយោធពលខេមរភូមិន្ទ នឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតដោយឥតគិតថ្លៃ។

ក្រសួងការងារបញ្ជាក់ថា “ដើម្បីចូលរួមក្នុងយុទ្ធនាការដែលជាផលប្រយោជន៍របស់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសនេះ ក្រសួងស្នើម្ចាស់ ឬនាយករោងចក្រ សហគ្រាស អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ”។

ជាមួយគ្នានោះក្រសួងមានសេចក្តីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here