សម្តេច ស ខេង ជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិមានយន្តការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការឱ្យបានច្រើនដោយធ្វើចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត

0
8

ភ្នំពេញ: សម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវមានយន្តការដោះស្រាយទំនាស់នានារបស់ប្រជាពលរដ្ឋ នៅក្រៅប្រព័ន្ធតុលាការឱ្យបានច្រើន ដោយចាប់ផ្ដើមពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្ត ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានយុត្តិធម៌ និងមិនធ្វើឲ្យបញ្ហារបស់ប្រជាពលរដ្ឋគរគ្នាកាន់តែច្រើនឡើងដែលមិនទាន់បានដោះស្រាយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត ថ្មី នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពត។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា «សូមស្នើអភិបាលស្រុក មេឃុំ ប្រធានមន្ទីរនានា ក៏អាចធ្វើបានដែរ  ឱ្យតែបញ្ហាពាក់ព័ន្ធជាមួយគាត់ ព្រោះថា យន្ដការស្រាល់ តែមានប្រសិទ្ធភាព»

សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើដល់រដ្ឋបាលរាជធានីខេត្ត ត្រូវពិនិត្យមើលវិធីសាស្រ្តនានា តើចំណុចណាមួយដែលអាចយកមកធ្វើជាយន្តការដោះស្រាយបាន ហើយជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ក៏បានណែនាំថា អាចដកស្រងបទពិសោធន៍ពីឯកឧត្តម ម៉ៅ ធនិន ក្នុងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ព្រោះថា យន្តការទាំងនេះមិនធ្វើឱ្យប្រជាពលរដ្ឋដែលមានបញ្ហាអ្វីមួយ ពិបាកឡើងដល់តុលាការ។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍សង្ងត់ធ្ងន់ថា យន្តការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការនេះ ពិតជាអាចធ្វើទៅបានចំពោះអាជ្ញាធរពាក់ព័ន្ធ ហើយពិតជាធ្វើឲ្យមានការកាត់បន្ថយបញ្ហានានារបស់ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋទទួលបានការដោះស្រាយទាន់ពេលវេលា និងមិនពាក់ព័ន្ធដល់ប្រព័ន្ធតុលាការដែលប្រជាពលរដ្ឋត្រូវចំណាយថវិកដើម្បីរកមេធាវីជួយការពាររឿងក្តីនានារបស់ពួកគាត់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here