នោះ! រដ្ឋាករទឹក រកឃើញម្ចាស់ទីតាំង បន្ទប់ជួលមួយចំនួន លក់ទឹកជូនកម្មករ កម្មការិនី និងនិស្សិត ក្នុងតម្លៃខ្ពស់

0
11

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសឲ្យដឹងថា ដោយយោងតាមការចុះអង្កេតស្រាវជ្រាវ បានរកឃើញថា មានម្ចាស់ទីតាំងបន្ទប់ជួលមួយចំនួន បាននិងកំពុងលក់ទឹកជូនកម្មករ កម្មការិនី និងសិស្សនិស្សិត ក្នុងតម្លៃថ្លៃចន្លោះពី ១០០០រៀល ទៅ៣០០០រៀលក្នុង១ម៉ែត្រគូប ដែលផ្ទុយពីការព្រមព្រៀងក្នុងកិច្ចសន្យា ។

ការចុះអង្កេតស្រាវជ្រាវ របស់រដ្ឋាករទឹកក្រុងភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ ពីសមាគមមណ្ឌលព័ត៌មានកម្មករ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋាករទឹក កាលពីថ្ងៃទី១៣ តុលា បានបញ្ជាក់ថា យោងសេចក្តីសម្រេចលេខ២២៩ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្តីពីការកែសម្រួល និងបំពេញបន្ថែមការកំណត់ថ្លៃលក់ ទឹកស្អាតដែលផលិត និងផ្គត់ផ្គង់ដោយរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ រដ្ឋាករទឹកបានខិតខំអនុវត្តតាម អនុសាសន៍ប្រមុខរាជរដ្ឋាភិបាល ដោយបានចុះកិច្ចសន្យាលក់ទឹក ជូនម្ចាស់ផ្ទះជួលចំនួន ៤.៦៨៩ទីតាំង ស្មើនឹង ១២១.៣១៣បន្ទប់ ក្នុងថ្ងៃ ៧០០រៀល/ម៣ ដែលទាបជាងថ្លៃដើម និងកំណត់ឱ្យម្ចាស់ផ្ទះជួល ត្រូវលក់បន្តជូនកម្មករ កម្មការិនី និងសិស្សនិសិ្សត ក្នុងថ្លៃ៨០០រៀល/ម៣ ។

រដ្ឋាករទឹក បញ្ជាក់ថា «តាមការចុះអង្កេតស្រាវជ្រាវ ដល់ទីតាំងដែលចង្អុលបង្ហាញ ដោយសមាគមមណ្ឌលព័ត៌មានកម្មករឃើញថា មានម្ចាស់ទីតាំងបន្ទប់ជួលមួយចំនួន បានលក់ទឹកក្នុងថ្លៃចន្លោះពី ១០០០រៀល/ម៉ែត្រគូបទៅ ៣ ០០០រៀល/ម៉ែត្រគូប ផ្ទុយពីការព្រមព្រៀងក្នុងកិច្ចសន្យា ដោយហេតុថា សម្ពាធទឹកនៅទីតាំង របស់ពួកគាត់ខ្សោយ ទាមទារបំពាក់ម៉ូទ័របូមជំនួយ ដែលត្រូវចំណាយខ្ពស់ លើថាមពលអគ្គិសនី ។ ទន្ទឹមនឹងនោះ ក៏មានម្ចាស់ផ្ទះជួលមួយចំនួន នៅបានគិតតម្លៃបំពេញបន្ថែម ទៅលើភាពលម្អៀងរវាងនាឡិកាមេ និងនាឡិកាចែកចាយតាមបន្ទប់ជួល រួមទាំងការបាត់បង់ទឹក ឬលេចធ្លាយតាមបណ្តាញ តំណភ្ជាប់ក្នុងបរិវេណផ្ទះជួលជាដើម ហើយថ្លៃលក់នេះក៏ទទួលបាន ការព្រមព្រៀងគ្នារវាងអ្នកជួល និងម្ចាស់ផ្ទះផងដែរ។

ទាក់ទិនករណីនេះដែរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងមានវិធានការ ដូចខាងក្រោម៖

-ពង្រឹងបន្ថែមនូវ ការអនុវត្តកិច្ចសន្យាខាងលើ និងចាត់វិធានការយ៉ាងតឹងរឹង ចំពោះម្ចាស់ផ្ទះដែលលក់ទឹកបន្ត ដោយប្រើប្រាស់កិច្ចសន្យាជាវទឹក ដើម្បីគ្រប់គ្រងការលក់ទឹក ជូនដល់កម្មករ កម្មការិនី និងសិស្សនិស្សិត។

-ពិនិត្យនិងកែលម្អកិច្ចសន្យា លក់ទឹកបន្តឱ្យមានលក្ខណៈកាន់តែប្រសើរ ដើម្បីធានាបាននូវប្រសិទ្ធភាពអនុវត្ត ស្របតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយដល់កម្មករ កម្មការិនី និងសិស្ស និស្សិត។

-សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះអង្កេត និងស្វែងរកអ្នកលក់ទឹកបន្ត ដែលមិនគោរពតាមកិច្ចសន្យា ដើម្បីផ្ដល់នូវការណែនាំ និងធ្វើការកែតម្រូវឲ្យស្រប ទៅនឹងកិច្ចសន្យាលក់ទឹកបន្ត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here