ត្រីផ្សោតដ៏ធំមួយក្បាល ទម្ងន់ជាង១០០គីឡូក្រាម បានងាប់អណ្តែតមកលើឆ្នេរព្រែកត្រែង

0
9

ភ្នំពេញ៖ ត្រីផ្សោតសមុទ្រធំមួយក្បាល ដែលមានទម្ងន់ជាង១០០គីឡូក្រាមបានងាប់អណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងភូមិសាស្ត្រ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីព្រឹកព្រលឹមថ្ងៃ១៤តុលា ឆ្នាំ២០២១ ។

ក្រោយទទួលដំណឹងនេះ មន្រ្តីជំនាញជលផល នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះពិនិត្យមើលត្រីផ្សោត១ក្បាលដែលងាប់នេះ ហើយបានបញ្ជាក់ថា ត្រីផ្សោតសមុទ្រមួយក្បាលដែលងាប់នេះមានទម្ងន់ ប្រហែលជាង១០០គីឡូក្រាម មានបណ្តោយ ១,៨០ម៉ែត្រនិង ទទឹង ០,៨០ម៉ែត្រ ជាប្រភេទផ្សោតច្រមុះដបចំពុះវែង(common bottlenose) ។

បើតាមមន្ត្រីជលផលដដែលថា ត្រីផ្សោតប្រភេទនេះ រស់នៅតំបន់កោះព្រីង ឆ្នេរខែម មុខរាម និងនៅប្រជុំកោះរ៉ុង  ជាប្រភេទសត្វកម្រត្រូវការពារ អភិរក្ស ដោយអនុក្រឹត្យលេខ១២៣ អ.ន.ក្រ ។ យោងតាមការពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានសន្និដ្ឋានថា ត្រីផ្សោតនេះ ងាប់ដោយសារជាប់មងរបស់ប្រជានេសាទ ហើយបច្ចុប្បន្នមន្រ្តីជំនាញបានកប់ត្រីនេះ តាមបច្ចេកទេសហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here