ខេត្តបាត់ដំបង៖ បុរសម្នាក់ជាប្រជាការពារស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ច្រៀងបទចម្រៀងនៅក្នុងបណ្តាញសង្គម TikTok ដោយរូបភាពនិងខ្លឹមសារគាត់ធ្វើត្រាប់ ជាហេតុនាំឲ្យមានការភាន់ច្រឡំពីមហាជនទូទៅ ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គម ត្រូវស្នងការខេត្តបាត់ដំបងហៅមកអប់រំ។
បន្ទាប់ពីបានឃើញនូវរូបភាពវីដេអូ ក្នុងបណ្តាញសង្គម Tiktok បែបនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់ជមន្ត្រីជំនាញ ធ្វើការស្រាវជ្រាវចំពោះរូបភាពនេះ ទើបនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវ និងរកឃើញបុរសនោះ មានឈ្មោះ ផាន់ សម្បត្តិ អាយុ៣៤ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរជា ប្រជាការពារឃុំនរា ស្រុកសង្កែ ។
តាមការសាកសួរបំភ្លឺ ប្រជាការពារឈ្មោះ ផាន់ សម្បត្តិ បានសារភាពថា គាត់ពិតជាបានផលិតវីដេអូ ដោយច្រៀងត្រាប់តាមបទ (សុំច្បាប់ប្រពន្ធចូលខារ៉ាអូខេ) ដោយបានស្លៀកពាក់ឯកសណ្ឋានឈុតប្រជាការពារ ដែលស្រដៀងនឹងឯកសណ្ឋានឈុតនគរបាលជាតិ រួចបង្ហោះចូលក្នុងបណ្តាញសង្គម TikTok ក្នុងរយៈពេលកន្លងមក ដើម្បីជាការកំសាន្តសប្បាយផង និងចង់ឲ្យមានការចាប់អារម្មណ៍ពីអ្នកទស្សនា តែប៉ុណ្ណោះ ។
ដោយសារការស្លៀកពាក់ឯកសណ្ឋានបែបនេះ បានបង្កឲ្យមានការភាន់ច្រឡំពីមជ្ឈដ្ឋានមហាជនទូទៅ ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម និងមានការវាយតម្លៃក្នុងហេតុផល (អវិជ្ជមាន) ចំពោះមន្ត្រី និងអង្គភាពនគរបាលជាតិ នៅពេលនេះ លោកស្នងការ បានសម្រេចដកហូតយកឯកសណ្ឋានឈុតនគរបាលជាតិនោះ មករក្សាទុក និងបានធ្វើកំណត់ហេតុអប់រំ ណែនាំ កុំឲ្យគាត់ប្រើប្រាស់ឯកសណ្ឋានបែបនេះ ទៅអនុវត្ត ឬប្រព្រឹត្តិនូវសកម្មភាព ណាមួយដែលនាំឲ្យប៉ះពាល់ដល់អង្គភាព ឬស្ថាប័ននគរបាលជាតិបន្តទៀត ។
ក្នុងរយៈពេលកន្លងទៅ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានជូនដំណឹងជាលាល័ក្ខអក្សរដល់គ្រប់អង្គភាពអធិការដ្ឋាននគរបាល ក្រុង ស្រុក ដែលមានប្រជាការពារ សូមបញ្ឈប់ការបំពាក់ ឬអនុញ្ញាតឱ្យគាត់ប្រើប្រាស់ ឯកសណ្ឋានណាដែលស្រដៀង គ្នាជាមួយនឹងឯកសណ្ឋាននគរបាលជាតិ នៅក្នុងពេលបំពេញភារកិច្ចប្រចាំថ្ងៃ ធ្វើបែបនេះ គឺដើម្បីចៀសវាង នូវការភាន់ច្រឡំ រវាងប្រជាការពារ ជាមួយមន្ត្រីនគរបាលជាតិ ពីមជ្ឈដ្ឋានមហាជននៅមូលដ្ឋាន៕