ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានឱ្យដឹងថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែតុលា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ១៩៣,៤១៧ នាក់ កើនឡើង ៣៨.២៨% ធៀបនឹងចុងសប្តាហ៍ទី៣នៃខែតុលា។
យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងនោះមានភ្ញៀវជាតិ ១៨៨,៤៧២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤,៩៤៥ នាក់។ ចំនួនភ្ញៀវទេសចរបរទេសផ្ទៃក្នុងនៅចុងសប្ដាហ៍ទី៤នៃខែតុលានេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់។
ប្រភពបន្តថា រយៈពេលពេញមួយខែតុលា ឆ្នាំ២០២១ ភ្ញៀវសរុបដែលបានចេញដើរកម្សាន្តមានចំនួន ១,៤៨៣,០៩៩ នាក់ កើនឡើង ៤០៣.១៦% ពោលគឺកើនឡើងប្រមាណ៤ដង ធៀបនឹងខែកញ្ញាកន្លងមក។
គោលដៅទេសចរណ៍សំខាន់ៗក្នុងខែតុលា រួមមាន៖ ខេត្តកំពត៖ ២៣០,០៤៦ នាក់, ខេត្តព្រះសីហនុ៖ ១៩៨,៩៦៥ នាក់, ខេត្តកែប៖ ១៤៨,២១៣ នាក់, រាជធានីភ្នំពេញ៖ ១២២,៣១៥ នាក់, ខេត្តពោធិ៍សាត់៖ ១០៨,១៤០ នាក់, ខេត្តសៀមរាប៖ ៨៣,៣៩៤ នាក់, ខេត្តបាត់ដំបង៖ ៧៤,៣៧១ នាក់, ខេត្តកំពង់ចាម៖ ៧២,១២៩ នាក់៕