ចរន្តភ្ញៀវទេសចរនៅតែកើនឡើង! សប្ដាហ៍ទី១ខែវិច្ឆិកា មានភ្ញៀវជាង១៧ម៉ឺននាក់ចេញដើរកម្សាន្ត

0
11

ភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍ លោកថោង ខុន បានឲ្យដឹងថា ចរន្តភ្ញៀវទេសចរដែលចេញដើរកម្សាន្ត នៅទូទាំងប្រទេសនៅតែមានការកើនឡើង ដោយចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវសរុប ១៧៤,៥៤៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៦៩,៥៣២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,០១១នាក់។នេះបើយោងតាមក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុទទួលបានភ្ញៀវ ៣៧,៦៤១ នាក់, រាជធានីភ្នំពេញទទួលបានភ្ញៀវ ៣៥,២១០ នាក់, ខេត្តកំពតទទួលបានភ្ញៀវ ១៦,៥០១ នាក់, ខេត្តសៀមរាបទទួលបានភ្ញៀវ ១៥,១០០ នាក់, ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវ ១០,៤៤៧ នាក់។

ជាការកត់សម្គាល់របស់លោក ថោង ខុន ទោះបីពុំមានថ្ងៃឈប់សម្រាកជាបុណ្យជាតិ ប៉ុន្តែចរន្តភ្ញៀវទេសចរផ្ទៃ ក្នុងនៅតែមានភាពសកម្មនៅរៀងរាល់ចុងសប្តាហ៍។

លោក បានបន្តថា រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេសបានបើកដំណើរការ ទទួលភ្ញៀវទេសចរ ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលបានផ្អាកសកម្មភាពកន្លងមក ក៏បានរៀបចំដើម្បីទទួលភ្ញៀវទេសចរ ក៏ដូចជាត្រៀមខ្លួនទទួលភ្ញៀវទេសចរនាពេលថ្ងៃឈប់សម្រាក ព្រះរាជពិធីបុណ្យអុំទូកខាងមុខផងដែរ។

ចំពោះការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះបានសង្កេតឃើញថា ទាំងម្ចាស់មូលដ្ឋានអាជីវកម្ម និងភ្ញៀវទេសចរមានការយល់ដឹងកាន់តែប្រសើរ និងបានចូលរួមអនុវត្តវិធានការនានា កាន់តែសកម្ម ពិសេសវិធានការ «៣កុំ និង ៣ការពារ» ស្របពេលដែលរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បាន បន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here