សម្ដេចតេជោ រៀបរាប់ពីការឈឺចាប់ ដែលមិនអាចបំភ្លេចបាន នៃការស្លាប់យ៉ាងវេទនា របស់កូនប្រុសដ៏កំសត់

0
12

ភ្នំពេញ៖ សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរៀបរាប់ពីប្រវត្តិ នៃការស្លាប់យ៉ាងវេទនា របស់កូនប្រុសដ៏កំសត់ របស់សម្ដេច នៅក្នុងរបបប្រល័យ ពូជសាសន៍ប៉ុលពត នាថ្ងៃ១០ វិច្ឆិកា ១៩៧៦ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរពីប្រវត្តិនៃការស្លាប់ របស់កូនប្រុសកំសត់ ក្នុងន័យដើមទាំងស្រុងថា កូនប្រុសដ៏កំសត់របស់ពុក ថ្ងៃនេះជាខួប ៤៥ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យ ពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២១)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្ម ដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង “អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ប្រវត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែលពុកម៉ែបានធ្វើឡើងក្នុងបំណង រំលឹកដល់វិញ្ញាណក្ខន្ឋកូន និងការឈឺចាប់នាពេលនោះ។

ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រ ចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូន របូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែ ធ្វើឱ្យកូនបាក់ឆ្អឹងខ្នងធ្លាក់ដល់ដី គាប់ជួនពុកបានធ្វើដំណើរ ពីភូមិកោះថ្ម ឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។

ម្តាយកូនឆ្លងទន្លេម្នាក់ឯង ដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេស មានសិទ្ឋិតិចជាងសត្វឆ្កែ ឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ឋិការពារកូន វាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំ ឱ្យពុកបានធ្វើដំណើរជាមួយ មេបញ្ជាការទៅកាន់ស្រុកត្បូងឃ្មុំ នាពេលនោះ ដែលពុកមានឱកាសចូលមើល ម្តាយកូននៅមន្ទីរពេទ្យ ប្រចាំស្រុកមេមត់។

ភាពតក់ស្លុតបានកើតឡើង ចំពោះរូបពុកនៅពេលដែលពុក ឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នកជម្ងឺដែលសម្រាក ជាមួយម្តាយកូនស្រែកប្រាប់ថា “រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ”។ ពុកប្រឹងរត់ទៅរកកូនឃើញ ឈាមកូនកំពុងហូរចេញតាមមាត់ ពុកប្រឹងស្រែកឱ្យគេជួយ ដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែលម្តាយកូន សន្លប់មិនទាន់ដឹងខ្លួន និងមិនទាន់ដឹងថាកូនស្លាប់នៅឡើយ អាស្រ័យដោយនៅបន្ទប់នៅផ្សេងគ្នា។
ពុកអត់ធ្វើអ្វីបានទេកូន ពុកបានសុំមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់ នឹងនៅមើលថែទាំ ម្តាយកូនក្រោយឆ្លងទន្លេ។
មិនត្រឹមតែមិនបានទទួល ការអនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវការ ប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង “ កម្មសិទ្ឋិមនោសញ្ចេតនាក្រាស់” “ មិត្តឯងមិនមែនគ្រូពេទ្យទេ” “ បើមិត្តឯងនៅ ក៏អាកូននេះមិនរស់ឡើងវិញដែរ” “មានពេទ្យយកខ្មោចកូននេះទៅកប់ហើយ មិនបាច់កប់ខ្លួនឯងទេ” “ការងារអង្គការសំខាន់ ជាងការងារបុគ្គល” ។ល។

ឈឺចាប់ណាស់កូន តែពុកត្រូវទ្រាំអត់ធ្មត់ព្រោះការងារ ដែលពុកត្រូវធ្វើ គឺរំដោះប្រជាជនកម្ពុជាទូទាំងប្រទេស ចេញពីរបបឃោរឃៅនេះ។ ពុកពុំមានអ្វីផ្តល់ឱ្យ កូនក្រៅតែពីក្រម៉ា១ ដែលដោះចេញពីកពុក ដើម្បីរុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូន ដែលទើបដឹងខ្លួនបន្ទាប់ពីសន្លប់ ហើយប្រាប់គាត់ថា កូនស្លាប់ហើយនឹងដាក់ឈ្មោះកូនថា “កំសត់”។ ឈ្មោះនេះនៅជាប់ជានិច្ច ក្នុងវិញ្ញាណពុក ហើយកូន កំសត់នេះហាក់តាមថែរក្សាពុក ម៉ែគ្រប់ពេលវេលា។

ពួកគេបង្ខំឱ្យពុកចាកចេញ ពីម្តាយកូននិងខ្មោចកូនទាំង ការឈឺចាប់ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់។ ៣ថ្ងៃក្រោយមកទើបពុក បានការអនុញ្ញាតទៅជួបម្តាយកូន សារជាថ្មីដែលកំពុងមានជម្ងឺជាទម្ងន់ ដែលខ្មែរយើងនិយមហៅថា ”សល់សុក”។ ពុកត្រូវយកម្តាយកូនចេញពីពេទ្យដើម្បីឱ្យឆ្មបបុរាណខ្មែរកាយទម្លាក់សុកចេញ ទើបសង្គ្រោះជីវិតម្ដាយកូនបាន។ ពុកសុំទោសកូន ដែលពុកមិនដឹងថា សាកសពកូនគេយកទៅកប់ ឬបោះចោលនៅទីណា ព្រោះការងារបន្ទាន់របស់ពុក គឺត្រូវយកម្តាយកូនចេញពីមន្ទីរពេទ្យ ទៅព្យាបាលតាមបែបបុរាណវិញ។ ពុកពុំមានពេលស្វែងរក សាកសពកូននៅពេលនោះទេ សង្ឃឹមថាកូនយោគយល់ ហើយមកនៅផ្នូរដែលពុកម៉ែ បានសាងសង់សំរាប់កូន តាំងពីទសវត្សឆ្នាំ ១៩៨០ មក។

រៀងរាល់ពេលដែលពុក នឹកដល់រឿងដ៏ឈឺចាប់នេះ ទឹកភ្នែកពុកតែងតែហូរចេញមក នេះជាទឹកភ្នែកនឹកដល់កូនកំសត់ ជាទឹកភ្នែកនឹកដល់ការឈឺចាប់ លើសពីការអត់ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជា រាប់លាននាក់ដែលត្រូវពួកប៉ុលពត សម្លាប់ និងធ្វើបាបដូចក្រុមគ្រួសារយើងដែរ។

កន្លងមកប្អូនប្រុសប្អូនស្រី និងក្មួយៗរបស់កូនបានទៅដល់ផ្នូរកូន ហើយពុកម៉ែក៏បានរៀបចំបង្សុកូលឱ្យ កូនផងដែរ។ កូន កំសត់ សូមព្រលឹងកូនបន្តតាមថែរក្សាពុក ម៉ែ ប្អូនៗ និងក្មួយៗរបស់កូនតទៅទៀត។ ពុកនៅតែសូមការយោគយល់ ពីកូនដែលមិនបានយកសពកូន ទៅបញ្ចុះដោយខ្លួនឯង។ ពុកត្រូវអត់ធ្មត់ និងធ្វើតាមបញ្ជាររបស់ពួកឃាតករ តែការអត់ធ្មត់នោះហើយ ដែលរក្សាជីវិតពុក និងម៉ែកូន ព្រមទាំងផ្តល់ឱកាសឱ្យពុករួមចំណែក ដឹកនាំចលនាតស៊ូរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេស បានរីកចម្រើនរហូតសព្វថ្ងៃ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here