អាជ្ញាធរ ចុះរឹតបន្តឹងអាជីវកម្មជីកដី ខ្សាច់ ការដឹកជញ្ជូនដីគ្មានច្បាប់អនុញ្ញាត និងធ្វើសកម្មភាពខុសបច្ចេកទេស ក្នុងស្រុកកណ្តាលស្ទឹង

0
11

ភ្នំពេញ៖ អភិបាលរងខេត្តកណ្តាល លោក ណុប ដារ៉ា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំគណៈកម្មការចម្រុះ ចុះត្រួតពិនិត្យនិងអនុវត្តច្បាប់ ចំពោះអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី ដែលពុំមានច្បាប់អនុញ្ញាត និងធ្វើសកម្មភាពខុសបច្ចេកទេស ក្នុងស្រុកកណ្តាលស្ទឹង។

ជាក់ស្តែង គណៈកម្មការចម្រុះបានធ្វើការបិទអាជីវកម្ម ១កន្លែង ដែលពុំមានច្បាប់អនុញ្ញាត ហើយធ្វើសកម្មភាពខុសបច្ចេកទេស ច្បាប់កំណត់ និងកៀកដងផ្លូវ ស្ថិតនៅភូមិត្រស់ ឃុំទ្រា ។ ទន្ទឹមនោះ បានផ្អាកអាជីវកម្មចំនួន ២កន្លែង ស្ថិតនៅភូមិថ្មី និងភូមិក្រាំងតី ឃុំថ្មី ដែលជីកលើសដែនអាជ្ញាបណ្ណ ហើយពុំមានបង់សួយសារ៉ែ និងធ្វើសកម្មភាព ខុសបច្ចេកទេសច្បាប់កំណត់ ។

លោកអភិបាលរងខេត្តកណ្តាល បានណែនាំនិងលើកទឹកចិត្តម្ចាស់អាជីវកម្ម អោយប្រកបរបរអោយ បានត្រឹមត្រូវមានច្បាប់អនុញ្ញាត និងគោរពតាមបទដ្ឋានបច្ចេកទេស។ ចំពោះអាជីវកម្ម ៣កន្លែងនេះ គណៈកម្មការនឹង អនុវត្តតាមនីតិវិធីដោយធ្វើការពិន័យ និងអោយបង់សួយសារ៉ែ ចូលរដ្ឋឡើងវិញអោយបានត្រឹមត្រូវ។

ប្រធានគណៈកម្មការចម្រុះ បានមានប្រសាសន៍ថា ក្រុមការងារនឹងបន្តចុះពិនិត្យតាម ការដ្ឋានអាជីវកម្មជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានា ដែលប៉ះពាល់ដល់បរិស្ថាន និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលនៅជិតតំបន់នោះ និងអ្នកធ្វើដំណើរតាមដងផ្លូវ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here