នោះ! Tesla ទាមទារឱ្យអ្នកប្រើប្រាស់ កម្មវិធីសាកល្បង ‘Full Self Driving’ ត្រូវតែឯកភាពផ្ដល់រូបភាពវីដេអូ ក្នុងការប្រើប្រាស់រថយន្ត

0
7

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Tesla បានធ្វើការផ្លាស់ប្ដូរលក្ខខណ្ឌ ក្នុងការប្រើប្រាស់កម្មវិធី ‘Full Self Driving-FSD’ ដោយទាមទារឱ្យអ្នកប្រើប្រាស់ កម្មវិធីសាកល្បង ត្រូវតែឯកភាពផ្ដល់រូបភាពវីដេអូ ទាំងក្នុងនិងក្រៅរថយន្ត ក្នុងករណីដែលរថយន្ត មានបញ្ហាសុវត្ថិភាព ឬជួបគ្រោះថ្នាក់ចរាចរណ៍ ណាមួយនោះ។ ជាងនេះទៅទៀតក្រុមហ៊ុន ក៏អាចប្រើលេខសំគាល់រថយន្ត (VIN number) ដើម្បីកំណត់អត្តសញ្ញាណរថយន្ត ជាមួយនឹងរូបភាពវីដេអូផងដែរ។

កម្មវិធី ‘Full Self Driving’ ជំនាន់១០.៣ ត្រូវបានដាក់ឱ្យប្រើប្រាស់ សាកល្បងក្នុងលក្ខណៈទ្រង់ទ្រាយធំ ប៉ុន្តែក្រុមហ៊ុន បានកាត់បន្ថយចំនួន អ្នកប្រើប្រាស់សាកល្បងជាបន្ទាន់ បន្ទាប់ពីបានរកឃើញពី ភាពចន្លោះប្រហោងធំៗ មួយចំនួនមានដូចជា ការផ្ដល់សារព្រមាន មិនត្រឹមត្រូវដែលថា រថយន្តនឹងមានការប៉ះទង្គិចផ្នែកខាងមុខ និងចាប់ហ្វ្រាំងរថយន្ត ដោយស្វ័យប្រវត្តិដោយ មិនមានការចាំបាច់។

គួររំឭកដែរថា ទាំងអ្នកស្រាវជ្រាវផ្នែក សុវត្ថិភាពក្នុងការបើកបរ និងក្រុមប្រឹក្សាសុវត្ថិភាព ដឹកជញ្ជូនជាតិសហរដ្ឋអាមេរិក (National Transportation Safety Board-NTSB) មានការព្រួយបារម្ភចំពោះ ការប្រើឈ្មោះកម្មវិធី FSD របស់ក្រុមហ៊ុន Tesla។

ការដាក់ឈ្មោះកម្មវិធី ដែលអាចបើកដោយស្វ័យប្រវត្តិថា ‘Full Self Driving’ គឺធ្វើឱ្យអ្នកបើកបរភាគច្រើន មានការភាន់ច្រឡំថា កម្មវិធីនេះអាចបើករថយន្ត បានដោយស្វ័យប្រវត្តិទាំងស្រុង ប៉ុន្តែតាមការពិត ស្វ័យភាពរបស់កម្មវិធី គឺនៅមានកំណត់នៅឡើយ ហើយវាមានប្រសិទ្ធភាព តែក្នុងកាលៈទេសៈមួយចំនួនប៉ុណ្ណោះ។

បច្ចុប្បន្នប្រព័ន្ធ FSD របស់ក្រុមហ៊ុន Tesla ត្រូវបានចាត់ទុកថា ជាប្រព័ន្ធកម្រិតទី២ ដូច្នេះវានៅសល់ពីរកម្រិតទៀត (កម្រិតទី៤) ដើម្បីអាចចាត់ទុកថា ជាកម្មវិធី “បើកបរដោយស្វ័យប្រវត្តិ” ពិតប្រាកដបាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here