ភ្នំពេញ៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបានករណីជួញដូរ គ្រឿងញៀនជិត ២៥ គីឡូក្រាម និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅគោលដៅចំនួន២។
ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ២០ និង៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា.លោកវរសេនីយ៍ឯក យឹម សែនឧត្តម លោកវរសេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ (ក១០) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀន ២គោលដៅផ្សេងគ្នា។
គោលដៅទី១: នៅចំណុច ផ្លូវលេខ ១០៥ ជិតផ្សារបឹងត្របែក (ផ្លាស្សា) សង្កាត់បឹងត្របែង ខណ្ឌចំការមន និងគោលដៅទី២: ផ្ទះលេខ ៩៩ ផ្លូវ ១៤៦ ក្រុម ៣ ភូមិ ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់ ១.ឈ្មោះ តាំង លាក ភេទប្រុស អាយុ ៦០ ឆ្នាំ ជនជាតិខ្មែរ ។ ២.ឈ្មោះ GOH SEOW SIAN ភេទប្រុស កើតឆ្នាំ ១៩៥៣ ជនជាតិ សិង្ហបុរី កាន់លិខិតឆ្លងដែនលេខ K0447332B ។ ៣. ឈ្មោះ លី ជាងហ្វុង ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិវៀតណាម។
វត្ថុតាងដែលដកហូតបានរួមមាន -អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ២៤ គ.ក្រ ០៤២ក្រាម, កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ១១៨.៣៩ក្រាម, កាទីណូន(4CEC) ទម្ងន់សុទ្ធ ១៧០.៥១ ក្រាម។ សរុប សារធាតុញៀន ទម្ងន់សុទ្ធ ២៤ គ.ក្រ ៣៣០.៩០ក្រាមសារធាតុផ្សំ ១ គ.ក្រ ០១០.១១ ក្រាម, ជញ្ជីងថ្លឹង ៥គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនធំ។
ចំពោះជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕