ខែវិច្ឆិកា កម្លាំងនគរបាល បង្រ្កាបគ្រឿងញៀនបានជិត ១គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ ១២៤នាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

0
7

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុ ងរយៈពេល ៣០ថ្ងៃ នៃខែវិច្ឆិកា ឆ្នាំ២០២១ បានចេញប្រតិបត្តិការ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី៦ ដោយចេញបង្រ្កាប បានបទល្មើសគ្រឿងញៀន ៧១ករណី ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន ១២៤នាក់ និងដកហូតវត្ថុតាងគ្រឿងញៀន ជិត១គីឡូក្រាម។

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា ៖ លទ្ធផលបង្រ្កាបបទល្មើស គ្រឿងញៀនទាំងនេះ គឺកម្លាំងតាមបណ្តាអធិការដ្ឋាន នគរបាលខណ្ឌទាំង១៤ និងការិយាល័យជំនាញ បានសហការគ្នាក្នុងការចូលរួម ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យ បានប្រសើរឡើង។ នៅទន្ទឹមដែលគេមើលឃើញថា បទល្មើសគ្រឿងញៀនជា បញ្ហាប្រឈមបំផុតបង្កអសន្តិសុខសង្គម ដែលជាប្រភពបញ្ហាបង្កឱ្យ កើតមានដូចជាបទល្មើស លួចឆក់ ប្លន់ អំពើហឹង្សា និងបទល្មើសផ្សេងទៀតផងដែរ។

លោកនាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន ប្រាប់ឱ្យដឹងទៀតថា កិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងនោះមានការដឹកនាំបញ្ជាកម្លាំងផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន តែងតែចេញប្រតិបត្តិការបង្ការទប់ស្កាត់ បទល្មើសគ្រឿងញៀន ជាប្រចាំ អនុវត្តនៅគ្រប់គោលដៅ ដែលមានបញ្ហាស្មុគស្មាញដោយគ្រឿងញៀន និងគោលដៅដែលមានការ សង្ស័យលួចលាក់ប្រព្រឹត្ត បទល្មើសគ្រឿងញៀនខុសច្បាប់។

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងទៀតថា៖ ការងារបង្ការទប់ស្កាត់ គ្រឿងញៀននេះផងដែរ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការ ៤ចំណុច ដើម្បីចូលរួមអនុវត្ត នៃផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាព ដោយវិធានការទាំង ៤ចំណុចនោះរួមមាន៖ ១,វិធានការអប់រំ គឺជាការងារផ្សព្វផ្សាយយល់ដឹង អំពីខ្លឹមសារផលប៉ះពាល់ និងបង្កគ្រោះថ្នាក់ពីបញ្ហា គ្រឿងញៀនជូនដល់សិស្ស, និស្សិត ,កម្មករ ក៏ដូចជាមុខសញ្ញាងាយរងគ្រោះ ផ្សេងទៀតត្រូវឱ្យពួកគាត់ចៀស ឱ្យផុតពីគ្រឿងញៀន។ ទី២,វិធានការរដ្ឋបាល គឺកម្លាំងសមត្ថកិច្ចជំនាញ បានចុះធ្វើរដ្ឋបាលនៅគោលដៅ ដែលងាយរងគ្រោះមកធ្វើការណែនាំ អប់រំនិងឱ្យធ្វើកិច្ចសន្យា ក្នុងការចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលអាចកើតឡើងដូចជា៖ នៅតាមបន្ទប់ជួល, ផ្ទះសំណាក់ និងទីតាំងកម្សាន្តផ្សេងៗ។ ទី៣,វិធានការច្បាប់ គឺអនុវត្តបង្រ្កាបជាក់ស្តែង និងការស្រាវជ្រាវរកមុខសញ្ញា ដែលធ្វើសកម្មភាពប្រព្រឹត្ត បទល្មើសគ្រឿងញៀនខុសច្បាប់ ដើម្បីចាប់ឃាត់ខ្លួនជនប្រព្រឹត្ត យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ ទី៤,វិធានការព្យាបាល និងស្តានីតិសម្បទាអនុវត្ត ចំពោះជនរងគ្រោះពីគ្រឿងញៀន ដោយបញ្ជូនអ្នកញៀនគ្រឿងញៀន ទៅព្យាបាលនៅតាមបណ្តា មជ្ឈមណ្ឌលព្យាបាល និងស្តានីតិសម្បទានានា និងការបញ្ជូនអព្យាបាលអប់រំ នៅក្នុងសហគមន៍ជាដើមនោះផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here