១១ខែ កម្ពុជានាំចេញអង្ករ បានជាង៥០ម៉ឺនតោន

0
7

ភ្នំពេញ៖ រយៈពេល១១ខែ ក្នុងឆ្នាំ២០២១នេះ កម្ពុជានាំចញអង្ករសរុបចំនួន៥៣២ ១៧៩តោន មានការថយចុះចំនួន ៦៨ ៨៦៦តោន (-១១,៤៦%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល១១ខែឆ្នាំ២០២០ ។

យោងតាមរបាយការណ៍ស្តីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញអង្ករ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ មានចំនួន ៧២ ០១០តោន កើនឡើងចំនួន ៧ ២៧០តោន (១១,២៣%) បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានចំនួន ៦៤ ៧៤០តោន។

ប្រភពបន្តថា បញ្ជាក់ថា បរិមាណអង្ករនាំចេញ ក្នុងរយៈពេល១១ខែឆ្នាំ២០២១ មានចំនួន ៥៣២ ១៧៩តោន មានការថយចុះចំនួន ៦៨ ៨៦៦តោន (-១១,៤៦%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល១១ខែឆ្នាំ២០២០ ដែលមានចំនួន ៦០១ ០៤៥តោន។

ក្នុងនោះ បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅ សហភាពអឺរ៉ុបចំនួន ២២ប្រទេស មានបរិមាណសរុបចំនួន ១៣៤៤៣៨តោន (ថយចុះចំនួន ៥៣៩៩៨តោន ស្មើនឹង-២៨,៦៦%) ទិសដៅប្រទេសចិន មានបរិមាណសរុបចំនួន ២៦៥ ២៤៤តោន (កើនឡើងចំនួន ៣០៣០៤តោន ស្មើនឹង១២,៩០%) ទិសដៅអាស៊ាន ចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៥៤ ៣៥០តោន (ថយចុះចំនួន ២៣៨៥៨តោន ស្មើនឹង-៣០,៥១%) និងទិសដៅដទៃទៀតចំនួន២៤ប្រទេស មានបរិមាណសរុប ៧៨ ១៤៧តោន (ថយចុះចំនួន ២១ ៣១៤តោន ស្មើនឹង -២១,៤៣%)។

ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦១ក្រុមហ៊ុន ហើយបរិមាណអង្ករ ដែលបាននាំចេញដោយក្រុមហ៊ុនធំៗ ចំនួន១០ មានរហូតដល់ ៣៩៣ ១៣១តោន ស្មើនឹង៧៣,៨៨% និងក្រុមហ៊ុន៥១ដទៃទៀត បាននាំចេញត្រឹមតែ ១៣៩ ០៤៨តោន ស្មើនឹង២៦,១២%៕

LEAVE A REPLY

Please enter your comment!
Please enter your name here