បន្ទាយមានជ័យ៖ ក្មេងប្រុសអាយុ១ឆ្នាំ បានលង់ទឹកពាងសម្រាប់ស្រោចដំណាំក្នុងចំការបណ្តាលឲ្យស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២១ នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ សុភត់ រតនា អាយុ០១ឆ្នាំ នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ម្តាយឈ្មោះ យ៉ា ស្រីរ័ត្ន អាយុ២៧ឆ្នាំ លក់ដូរនៅនឹងផ្ទះនិងឪពុកឈ្មោះ រ៉ាន់ សុភត់ អាយុ៣១ឆ្នាំ ទៅធ្វើការនៅប្រទេសថៃ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ជារៀងរាល់ថ្ងៃក្មេងរងគ្រោះ ត្រូវបានជីដូននាំយកទៅលេងមើលថែនៅឯផ្ទះរបស់ក្នុងចំការ ដោយម្តាយរបស់ក្មេងរងគ្រោះជាប់រវល់ល់ដូរ ។ នៅមុនពេលកើតហេតុ ជីដូនឈ្មោះ លាភ អាយុ៦៧ឆ្នាំ បានយកចៅទៅលេងនៅផ្ទះរបស់ក្នុងចំការ និងថែទាំដូចសព្វមួយដង ហើយនៅថ្ងៃកើតហេតុ សង្ស័យគាត់រវល់មើលដំណាំក្នុងចំការ ហើយក្មេងរងគ្រោះបានរត់លេងនៅទីនោះ ។ ក្រោយពីបាត់ចៅក៏ស្រែកហៅមិនឮឆ្លើយ គាត់បានដើររកស្រាប់តែឃើញចៅស្លាប់នៅក្នុងពាងខាប់មានទឹកជិតពេញនៅខាងមុខផ្ទះចម្ងាយប្រមាណជា៧ម៉ែត្រ ។
សមត្ថកិច្ចបានបញ្ជាក់ទៀត ក្រោយពីទទួលបានព័ត៌មាន ក៏បានបង្កើតក្រុមការងារ ចុះទៅពិនិត្យសាកសព ឃើញថាក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ពាង(ខាប់ដាក់ទឹក) ប្រាកដមែន។ ក្រោយពិនិត្យរួច បានប្រគល់ជូនម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕