ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញទទួលវ៉ាក់សាំង Pfizer ចំនួន៧៨៣,០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី (ជំនួយសរុបប្រមាណជាង ២.៣៥លានដូស) នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្នុងឪកាសអញ្ជើញទទួលវ៉ាក់សាំង សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជានអូស្រ្តាលី ដែលបានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកម្ពុជានាពេលនេះ។
សម្តេចតេជោ បានលើកឡើងថា វ៉ាក់សាំងដែលដឹកមកដល់ប្រទេសកម្ពុជានៅរាត្រីថ្ងៃនេះ មានចំនួន ៧៨៣,០០០ដូស ហើយចំនួន ១,៥៦៧,៥៣០ដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨ ខែធ្នូ។
សម្តេចតេជោបានថ្លែងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ ទោះបីជាពិភពលោកកំពុងមានវត្តមានមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជាមិនមានការបារម្ភដែរ៕