ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីរក្សាទុកគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ១នាក់ និងរឹបអូសគ្រឿងញៀនជាង២៥គីឡូក្រាម។
ការបង្ក្រាបនេះបានធ្វលឡើងដោយ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។
ជាក់ស្ដែងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង២២និង៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) ដឹកនាំដោយឧត្តមសេនីយ៍ទោ សារី បុត្រសត្យា, លោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ និងលោក តឹក សូនី នាយការិយាល័យ ចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបបង្ក្រាបនៅចំណុចបន្ទប់ជួលលេខ៩ ផ្លូវលំ ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ាត ម៉ាទី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
វត្ថុតាងចាប់យករួមមាន៖ មេតំហ្វេតាមីន(ICE)ទម្ងន់ ២០.៩៩០,៧៣ក្រាម, អ៊ិចស្តាស៊ី(MDMA) ២.៨០០ក្រាម -កេតាមីន(Ketamine) ១.៤០២ក្រាម សរុបទម្ងន់ ២៥. ១៩២.៧៣ក្រាម ។-អាវុធវែង ២ដើម និងគ្រាប់ចំនួន ៩៦គ្រាប់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមចាត់ការបន្តនីតិវិធី៕