ខេត្តតាកែវ៖ បុរសម្នាក់ជាក្រុមប្រឹក្សាឃុំគុសបានស្លាប់ភ្លាមៗ ខណៈដែលគាត់ជិះម៉ូតូបត់ឆ្លងផ្លូវរៀបនឹងចូលផ្ទះត្រូវបានរថយន្តមួយគ្រឿងបើកបុកពេញទំហឹងរួចរថយន្តបង្កហេតុបានបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧និង៥នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៩១-៩២ ក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាងម៉ូតូនឹងរថយន្តក្នុងទិសដៅស្របទិសគ្នាដំបូងម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1A-0988 បើកបរដោយឈ្មោះ អ៊ុំ ស៊ាន់ ភេទប្រុស អាយុ៧២ឆ្នាំ ជាក្រុមប្រឹក្សាឃុំគុស នៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ខណៈដែលបើកមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើក៏បានបត់ឆ្វេងឆ្លងផ្លូវដើម្បីចូលផ្ទះក៏ស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់អត្តសញ្ញាណមកពីក្រោយបានបុកម៉ូតូខាងលើចំពីចំហៀងខាងឆ្វេងពេញមួយទំហឹងតែម្តង រួចហើយបានបើកបរគេចខ្លួនទៅទិសខាងលិចបាត់ទៅ។
ក្រោយកើតហេតុ កម្លាំងជំនាញចរាចរណ៍ផ្លូវគោកស្រុកត្រាំកក់បានចុះធ្វើការត្រួតពិនិត្យ កសាងសំណុំរឿងទៅតាមនីតិវិធីនិងបានប្រគល់សពជូនដល់សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូខាងលើរងការខូចខាតធ្ងន់ហើយត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រាំកក់៕