ខេត្តបាត់ដំបង គ្រោងរៀបចំពិធីអុំទូក បណ្ដែតប្រទីប លើកទី២១ នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង

0
12

ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីពីការរៀបចំពិធីអុំទូក បណ្ដែតប្រទីប លើកទី២១ ដែលនឹងគ្រោងរៀបចំនៅចំថ្ងៃពិធីបុណ្យចេញព្រះវស្សា ដែលនឹងរៀបចំឡើងតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង ក្រោយពីខកខានប្រារព្ធពិធីអុំទូក បណ្ដែតប្រទីប នៅខេត្តបាត់ដំបង អស់រយៈពេលជា២ឆ្នាំកន្លងមកនេះ ដោយសារវិបត្តិជំងឺកូវីដ១៩ បានផ្ទុះរីករាលដាលទូទាំងសាកលលោក

ក្នុងឱកាសនោះដែរ លោកបានណែនាំដល់ក្រុមការងារ ត្រូវធ្វើការរៀបចំចុះពិនិត្យមើលទីតាំងដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំពិធីអុំទូកនេះ ជាក់ស្ដែងត្រូវចុះពិនិត្យមើលទីតាំងចុះទូក ដែលត្រូវរកទីតាំងណាមានភាពងាយស្រួលក្នុងការចុះ មិនប៉ះពាល់ដល់ទូកនិងដើម្បីកុំឱ្យបង្កលក្ខណៈរាំងស្ទះការធ្វើចរាចរណ៍ទីសាធារណៈផងដែរ

លោកបានបញ្ជាក់បន្តទៀតថា មិនខុសពីបណ្ដាឆ្នាំកន្លងទៅដែរ នៅឆ្នាំនេះក៏នឹងមានការរៀបចំការតាំងពិព័រណ៌ផលិតផល កម្មវិធីកំសាន្តនានា ក៏ដូចជាការបាញ់កាំជ្រួចរយៈពេលពីរយប់ និងកម្មវិធីបណ្ដែតប្រទីបនៅល្ងាចថ្ងៃចេញព្រះវស្សានេះតែម្ដង ដូចនេះក្រុមការងារត្រូវរៀបចំទីកន្លែងសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរអាចចុះបណ្ដែតប្រទីប រៀបចំកន្លែងបាញ់កាំជ្រួចដែលមានសុវត្ថិភាព មិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលមកកំសាន្ត ជាពិសេសត្រូវតែចាត់កម្លាំងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ ដើម្បីធានាថាប្រជាពលរដ្ឋដែលអញ្ជើញមកកំសាន្តនាឱកាសពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនេះមិនមានភាពភ័យខ្លាចផ្នែកសុវត្ថិភាពនោះឡើយ

លោក ក៏បានមានប្រសាសន៍ណែនាំដល់មន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ត្រូវត្រៀមរួចជាស្រេចក្នុងការរៀបចំតុបតែងលំអនៅមន្ទីរអង្គភាពសាមីខ្លួន និងក៏ដូចជាត្រៀមទូកសម្រាប់ចូលរួមនាឱកាសបុណ្យអុំទូកនេះ ឱ្យកាន់តែអធិកអធមផងដែរ

លោកអភិបាលខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ត្រូវខិតខំស្វែងរកទូកផ្កាចារ ឬទូកបុរាណនានាដែលអាចអុំប្រណាំងបាន មាននៅមូលដ្ឋានរបស់ខ្លួន ឱ្យមកចូលរួមពិធីនេះដែរ ដើម្បីបង្កលក្ខណៈកាន់តែសប្បាយផង និងដើម្បីបង្ហាញដល់ប្រជាពលរដ្ឋអំពីប្រភេទទូកដែលបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបានណែនាំដល់ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ ក្រុមការងារតុបតែងលំអរ ត្រូវតែចាប់ផ្ដើមសិក្សា រៀបចំការតុបតែងលំអរក្នុងក្រុងឱ្យមានភាពស្រស់ស្អាតត្រៀមទទួលប្រជាពលរដ្ឋមកកំសាន្តខេត្តបាត់ដំបង ឱ្យកាន់តែច្រើនកុះករ៕

LEAVE A REPLY

Please enter your comment!
Please enter your name here