ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។
ក្នុងសេកចក្ដីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលរង ឥទ្ធិពលពីជ្រលងនៃ ប្រព័ន្ធសម្ពាធទាប ( ITCZ ) អូសបន្លាយកាត់លើ ភាគខាងជើងប្រទេសថៃ , ឡាវ , វៀតណាម ភ្ជាប់ទៅនឹង សម្ពាធទាបសកម្មមួយនៅ ភាគខាងលើសមុទ្រចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតីបក់ពីមធ្យមទៅបង្គួរ។
ក្រសួងធនធានទឹកបញ្ជាក់ថាស្ថានភាពបែបនេះធ្វើឲ្យ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។ នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរក្នុងនោះក៏មាន ច្រើនដោយអន្លើ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បរិមាណទឹក ភ្លៀងដែលនឹងអាចធ្លាក់ បន្តបន្ទាប់នេះ នឹងអាចធ្វើឲ្យ ភូមិសាស្ត្រមួយចំនួននៃខេត្តកំពង់ធំ ប្រឈមនឹងជំនន់ទឹកភ្លៀងសារជាថ្មី។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន៖ សីតុណ្ហភាពអប្បបរមាមានពី២២-២៤°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C។ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពី តិចទៅទៅបង្គួរ និងច្រើន ដោយអន្លើលាយឡំទៅដោយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។ បរិមាណទឹកភ្លៀងដែលធ្លាក់ជាបន្តបន្ទាប់នោះ នឹងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រ មួយចំនួននៃបណ្តាខេត្តមានជាអាទិ៍៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ។
៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C និង សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C។នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕