កម្ពុជាឈានដល់របត់ថ្មីនៃការរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ ដោយរក្សាទិសស្លោក ”រក្សាព្រៃឈរ ដើម្បីរកចំណូល”

0
9

ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាឈានដល់របត់ថ្មី នៃការរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ ដោយរក្សាទិសស្លោក “រក្សាព្រៃឈរ ដើម្បីរកចំណូល” តាមរយៈការលក់ឥណទានកាបូន។

ថ្លែងក្នុងពិធីដាំកូនឈើចំនួន ៧០០ដើមនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ ក្នុងសហគមន៍តំបន់ការពារ ធម្មជាតិចំបក់ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដែលជាកិច្ចសហការរៀបចំរវាងក្រសួងបរិស្ថាន និងសាកលវិទ្យាល័យមេគង្គកម្ពុជា លោក នេត្រ ភក្រ្តា បានថ្លែងថា ការដាំដើមឈើ គឺជាការផ្សារភ្ជាប់ជីវិត និងធម្មជាតិ និង ជាការដឹងគុណដល់ភពផែនដី ដែលបានផ្តល់នូវជីវិត ធនធានធម្មជាតិ ជីវចម្រុះ និងប្រពន្ធ័អេកូឡូស៊ី ដ៏ល្អសម្រាប់យើងទាំងអស់គ្នារស់នៅ។

លោក នេត្រ ភក្រ្តា បន្តថា ក្រោមដំបូលនៃសុខសន្តិភាព កម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីពង្រឹងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិកម្ពុជា ហើយដោយសារតែការអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ កម្ពុជាមាន លទ្ធភាពលក់ឥណទានកាបូននៅលើទីផ្សារឥណទានកាបូនស្ម័គ្រចិត្ត។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបញ្ជាក់ថា “កម្ពុជាឈានដល់របត់ថ្មីនៃការរកចំណូលបានពីការ អភិរក្សធនធានធម្មជាតិ ដោយរក្សាទិសស្លោក«រក្សាព្រៃឈរ ដើម្បីរកចំណូល»តាមរយៈការលក់ឥណទានកាបូន ទទួលបានចំណូល ដើម្បីកសាងហេដ្ឋារចនាសម្ពន្ធ័ ផ្តល់មធ្យោបាយ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងតាមរយៈការជំរុញលើកអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារធម្មជាតិនានាដែលមានសក្តានុពលទេសចរណ៍”។

លោក នេត្រ ភក្រ្តា បានកត់សម្គាល់ថា បច្ចុប្បន្ននេះពលរដ្ឋខ្មែរបានចាប់អារម្មណ៍ខ្លាំងលើទេសចរណ៍ធម្មជាតិ ដែលជាទេសចរណ៍ផ្សារភ្ជាប់ទឹកដី បង្កើតការងារ និងចំណូលជាច្រើនជូនដល់ពលរដ្ឋមូលដ្ឋាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here