ក្រសួងសាធារណការកំណត់ឲ្យម្ចាស់និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់អនុវត្តន៍តាមវិធានការទាំង៦ចំណុចនេះ

0
7

ភ្នំពេញ៖ ក្រោយសង្កេតឃើញនៅមានម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន នៅតែមិនទាន់ចូលរួមគោរពអនុវត្ត បទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ឱ្យបានពេញលេញ និងត្រឹមត្រូវនៅឡើយនោះក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ចេញវិធានការតឹងរ៉ឹងចំនួន៦ចំណុចបន្ថែមទៀត។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសាធារណការនិងដឹកជញ្ជូន កាលថ្ងៃទី២៨ ខែតុលា បានឲ្យដឹងថាវិធានការទាំងនោះរួមមាន៖ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ត្រូវដឹកជញ្ជូនទំនិញ ឬធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធុនធ្ងន់របស់ខ្លួន ឱ្យអនុវត្តយ៉ាងត្រឹមត្រូវ និងម៉ឺងម៉ាត់ តាមបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា២៦ នៃច្បាប់ស្តីពីផ្លូវថ្នល់។

ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ណាមួយនៅតែបណ្តែតបណ្តោយឱ្យដឹកជញ្ជូន ឬផ្ទុកទម្ងន់លើសពី២០ភាគរយ ប្រធានស្ថានីយជញ្ជីងអចល័ត និង/ឬប្រធានក្រុមជញ្ជីងចល័ត ត្រូវចាត់វិធានការតាមបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ដែលក្នុងនោះត្រូវ៖ដកបណ្ណបើកបរ និងព្យួរទុកចំនួន ២ឆ្នាំ ,ឃាត់យានជំនិះទុកចំនួន ១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្ត ត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែង ទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង ។

បញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនចំនួន១ឆ្នាំក្នុងករណីទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសទៀត។ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ដែលរងនូវការពិន័យអន្តរការណ៍ដូចមានចែងក្នុងចំណុចទី២ ខាងលើត្រូវសហការ ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ក្នុងការលើកដាក់ទំនិញនិងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯងរហូតមានការ សម្រេចជាថ្មី។

ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ដែលរងនូវការពិន័យអន្តរការណ៍ និងការឃាត់ទុកយានជំនិះ ដូចមានចែងក្នុងចំណុចទី២ ខាងលើអាចមានសិទ្ធិប្តឹងតវ៉ា ស្របតាមនីតិវិធីដូចមានចែងក្នុងបទប្បញ្ញត្តិមាត្រា៤៧ នៃច្បាប់ស្តីពីផ្លូវថ្នល់។

ចំពោះមន្ត្រីមានសមត្ថកិច្ច (ស្ថានីយជញ្ជឹងអចល័ត និងជញ្ជីងចល័តក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន) ដែលអនុញ្ញាតឱ្យរថយន្តផ្ទុក លើសទម្ងន់ កម្រិតកំណត់ ដូចមានចែងក្នុងចំណុចទី២ ខាងលើធ្វើចរាចរណ៍លើបណ្តាញផ្លូវថ្នល់ នឹងត្រូវទទួលទណ្ឌកម្មវិន័យដូចមានចែងក្នុងច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការ ស៊ីវិល និងអនុក្រឹត្យលេខ ១០ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៧ ស្តីពីនីតិវិធីនៃការអនុវត្តវិន័យចំពោះមន្ត្រីរាជការស៊ីវិល ឬករណីធ្វើឱ្យផ្លូវថ្នល់ ស្ពាន សំណង់សិល្បការ្យ ផ្លូវថ្នល់ខូចខាតធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសដូចមានចែងក្នុងកថាខណ្ឌទី២ មាត្រា៧៥ នៃច្បាប់ស្តីពីផ្លូវថ្នល់។

សូមបញ្ជាក់ថា សេចក្តីជូនដំណឹងនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ។ ដោយឡែកចំពោះលិខិតលេខ ២៨៣៩ សក/តតលទ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ត្រូវអស់សុពលភាពអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here