ការបរិភោគសាច់សត្វព្រៃ គឺជាកត្តាជំរុញធ្វើឱ្យមានការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃ

0
9

ភ្នំពេញ៖ ក្រសួងបរិស្ថានបានឲ្យដឹងថា ការបរិភោគសាច់សត្វព្រៃ គឺជាកត្តាជំរុញធ្វើឱ្យមានការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃ។

ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តរតនគិរី រដ្ឋបាលខេត្តរតនគិរី អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការ FFI អង្គការ WWF អង្គការ WEA អង្គការ ACCB  និងអង្គការសន្សំម្លប់ព្រៃ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំយុទ្ធនាការអន្ទាក់សូន្យនៅខេត្ត រតនគិរីដើម្បីបញ្ឍប់វិបត្តិអន្ទាក់ និងការបរបាញ់សត្វព្រៃគ្រប់ប្រភេទក្នុងព្រៃធម្មជាតិកម្ពុជាសំដៅ អភិរក្សសត្វព្រៃកម្ពុជាឱ្យនៅគង់វង្សនិងមានចំនួនសម្បូរឡើងវិញ។

«យុទ្ធនាការអន្ទាក់សូន្យ » បានចាប់ផ្តើមជាផ្លូវការនៅខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្រោមការផ្តួចផ្តើមនិងដឹកនាំរបស់ក្រសួងបរិស្ថាននិងដោយមានការគាំទ្រពីដៃគូអភិរក្សនិងដៃគូអភិវឌ្ឍន៍។ យុទ្ធនាការអន្ទាក់សូន្យ ដែលមានរយៈពេល ៦ខែ ដោយផ្តោតលើខេត្តគោលដៅចំនួន ៦ រួមមាន៖ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងរតនគិរី ។

ខេត្តរតនគិរី គឺជាខេត្តទី៦ និងចុងក្រោយគេដែលបានរៀបចំយុទ្ធនាការអន្ទាក់សូន្យនេះ មុននឹងឈានបិទបញ្ចប់យុទ្ធនាការនៅរាជធានីភ្នំពេញក្នុងខែតុលា ឆ្នាំ២០២២ ​ខាងមុខនេះ។ ស្ថិតនៅភូមិភាគឥសាន្ត  ខេត្តរតនគិរី មានសម្បតិ្តធនធានធម្មជាតិ និងសត្វព្រៃដ៏សម្បូរបែប ក៏ប៉ុន្តែនាទសវត្សរ៍ចុងក្រោយនេះ ការបរបាញ់ ការដាក់អន្ទាក់ និងការបំពុលសត្វព្រៃ បង្កើតជាកត្តាប្រឈមដ៏សំខាន់ដែលធ្វើឱ្យចំនួនសត្វព្រៃមានការថយចុះជាលំដាប់ និងអាចប្រឈមនឹងការបាត់ពូជសត្វព្រៃមួយចំនួន។

ការបរិភោគសាច់សត្វព្រៃគឺជាកត្តាជំរុញធ្វើឱ្យមានការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃ។ យុទ្ធនាការ អន្ទាក់សូន្យ គឺប្រារព្ធធ្វើនៅចំថ្ងៃដែលពិភពលោករៀបចំទិវា «យល់ដឹងពីសត្វត្មា តអន្តរជាតិ»។ តាមរយៈ លទ្ធផលជំរឿនសត្វត្មាតចុងក្រោយ នៅថ្ងៃទី១០​ ខែមិថុនា ឆ្នាំ២០២២ របស់​ក្រុម​ការ​ងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​បាន​កត់​ត្រា​​សត្វ​​ត្មាតជិតផុតពូជ​ចំនួន​ ១៣៤ ក្បាល​​​ ក្នុង​នោះ​មាន​វត្ត​មាន​​សត្វ​​​ត្មាត​ភ្លើងចំនួន ១៩ក្បាល ត្មាតត្នោតចំនួន ៤៤ក្បាល និងត្មាត​ផេះ​មាន​ចំនួន ៧១ក្បាល​។ ខេត្តរតនៈគិរី គឺជាខេត្តសំខាន់មួយដែលមានទីជម្រកធម្មជាតិ ជួយគាំទ្រដល់ការរស់នៅរបស់សត្វត្មាតជិតផុត ពូជរបស់កម្ពុជាយើង ប៉ុន្តែក្រុម​ការ​ងារ​អភិរក្ស​សត្វ​ត្មាតមានការព្រួយបារម្ភលើសម្ពាធនៃការបរបាញ់ ការ ដាក់អន្ទាក់និងការបំពុលដែលបន្តកើតឡើង ហើយកត្តានេះនឹងធ្វើឱ្យចំនួនសត្វត្មាតដែលមានវត្តមាន នៅក្នុងខេត្តរតនគិរីនឹងបន្តធ្លាក់ចុះរហូតដល់អាចគ្មានវត្តមានរបស់ពួកវាផងដែរនៅពេលអនាគត។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានដឹកនាំយុទ្ធនាការអន្ទាក់សូន្យ បានមានប្រសាសន៍ថា “យុទ្ធនាការអន្ទាក់សូន្យគឺជាកិច្ចខិតខំប្រឹងប្រែងរួមរវាងក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូក្នុងការងារអភិរក្សនិងដៃគូអភិវឌ្ឍន៍ដើម្បីលុបបំបាត់អន្ទាក់គ្រប់ប្រភេទ ក្នុងតំបន់ការពារធម្មជាតិ ផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាពសម្រាប់សត្វព្រៃនិងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីក លូតលាស់តាមធម្មជាតិដោយគ្មានការគំរាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព “។

លោកបញ្ជាក់ថា សត្វព្រៃបានដើរតួនាទីសំខាន់ក្នុងការធានានិរន្តរភាពប្រព័ន្ធអេកូឡូស៊ី ហើយការបាត់បង់ សត្វព្រៃនិងជីវៈចម្រុះនឹងធ្វើឱ្យប៉ះពាល់ដល់លំនឹងប្រព័ន្ធអេកូឡូស៊ី។ លើសពីនេះ សត្វព្រៃជាសក្តានុពល យ៉ាងសំខាន់ ក្នុងការជំរុញទេសចរណ៍ធម្មជាតិ ដែលជាយន្តការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតមុខរបរ និងបង្កើតចំណូលជូនពលរដ្ឋ។ យើងទាំងអស់គ្នានឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្តទៀត ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងស្នើសុំអ្នកនិយមហូបសាច់សត្វព្រៃបញ្ឈប់ការហូបសាច់សត្វព្រៃ និងចូលរួមការពារអភិរក្សសត្វព្រៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here