ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានព្រមានម្ចាស់ហ្វេសប៊ុក Kaa Official បញ្ឈប់ការធ្វើមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃជាបន្ទាន់ ។
តាមរយៈហ្វេសប៊ុកលោក នេត្រ ភក្ត្រា បានឲ្យដឹងយ៉ាងដូច្នេះថា សូមជម្រាបជូនដល់ម្ចាស់ទំព័រហ្វេសប៊ុក Kaa Official សូមបញ្ឈប់ការប៉ុស្តិ៍ធ្វើមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃជាបន្ទាន់! យោងតាមសម្តីរបស់តួអង្គ បុរសនិងស្ត្រីទាំង ២ នាក់ក្នុងវីដេអូបានបញ្ជាក់ថាមុខម្ហូបនេះបានយកសត្វក្តាន់ញ៉ែងមកធ្វើ។ ក្តាន់ញែងជាសត្វព្រៃដែលត្រូវអភិរក្ស ហើយបច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងដឹកនាំការ ធ្វើយុទ្ធនាការអន្ទាក់សូន្យដើម្បីបញ្ឈប់ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃគ្រប់ប្រភេទ ការផ្លាស់ប្តូរឥរិយាបថជនមួយចំនួនដែលនិយមហូបសាច់សត្វព្រៃឱ្យងាកមកចូលរួមការពារអភិរក្សសត្វព្រៃ និងផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ។
លោកបន្តថា ទង្វើនៃការប៉ុស្តិ៍មុខម្ហូបធ្វើពីសាច់សត្វព្រៃជាទង្វើអសីលធម៌ និងជាការបំពានច្បាប់ និងសូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ព្រោះពលរដ្ឋភាគច្រើនលើសលប់ សូម្បីក្នុងវីដេអូដែលប៉ុស្តិ៍ បងប្អូនប្រជាពលរដ្ឋទាំងអស់មានការយល់ដឹងនិងចូលរួមថែរក្សាសត្វព្រៃ។
លោកនេត្រ ភក្ត្រា បន្ថែមថា សូមបញ្ឈប់សកម្មភាពនេះ ព្រោះមនុស្សទូទៅមិនគាំទ្រនិងមិនកោត សរសើរនូវទង្វើខ្វះ ទទួលខុសត្រូវនេះឡើយ និងបានក្លាយជាជនចម្លែកតែឯង ខណៈពលរដ្ឋភាពច្រើន លើសលប់បាន យល់ដឹងយ៉ាងច្បាស់ពីសារៈប្រយោជន៍នៃការការពារនិងអភិរក្សសត្វព្រៃ។
លោកនេត្រ ភក្ត្រា បញ្ជាក់ថា ប្រសិនបើបងប្អូនណាបានស្គាល់ម្ចាស់ហ្វេសប៊ុក Kaa Official សូមជួយផ្តល់ព័ត៌មានដើម្បីលុបវីដេអូដែល លើកទឹកចិត្តការបរិភោគសាច់សត្វព្រៃនេះជាបន្ទាន់ បើពុំនោះទេនឹងប្រឈមមុខផ្លូវច្បាប់៕