សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដល់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព

0
7

ភ្នំពេញ៖ នៅវេលាម៉ោង១៨.០៣នាទី ល្ងាចថ្ងៃទី២១ ខែកញ្ញាឆ្នាំ ២០២២ ម៉ោងនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ត្រូវនឹងម៉ោង៥.០៣នាទី ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង នៅទីក្រុងភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីធ្វើការហោះហើរអស់រយៈពេលប្រមាណជា២២ម៉ោង។

វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោត្រូវបានទទួលការធ្វើភារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំនៃសហរដ្ឋអាមេរិក ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក និងមន្ត្រីពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត។

សូមជម្រាបថា សម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ចំណុចរបត់សំខាន់នៃការ ផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា”ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែកញ្ញាឆ្នាំ២០២២នៅទីក្រុងញូយ៉ក។

សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខ​​ ជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតងព្រមទាំងការធ្វើជា ប្រធានអាស៊ានរបស់កម្ពុជា និងខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបបន្តបន្ទាប់គ្នា ជាមួយ ឯកឧត្តម អាន់ តូនីញ៉ូ ហ្វូទែរ៉េសអគ្គលេខាធិការអង្គការ សហប្រជាជាតិ ឯកឧត្តម ឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាម៉ូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ហើយនិងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here