ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអរគុណចំពោះក្រុមមួយចំនួន ដែលបានបើកការវាយប្រហារទម្លាក់ប្រជាប្រិយរបស់ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ដែលធ្វើឱ្យលោកកាន់តែចេះការពារខ្លួន។
នៅក្នុងពិធីជួបសំណេះសំណាលជាថ្មី ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ចេញពី តំបន់រមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោបានលើកឡើង អំពីមតិរិះគន់របស់ក្រុមប្រឆាំងមួយចំនួន ដែលថា លោក ហ៊ុន ម៉ាណែត ពុំទាន់មានសមត្ថភាពក្នុងការ ដឹកនាំ ដោយសម្តេចជឿជាក់ថា ក្រុមទាំងនោះ កំពុងខ្លាចលោក ហ៊ុន ម៉ាណែត។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “អរគុណណាស់ ដែលអ្នកឯងចេះវ៉ៃម៉ាណែត ហេតុអ្វីបានខ្ញុំត្រូវ អរគុណ គេវ៉ៃកូនខ្លួនហើយបែរជាអរគុណទៀត? មូលហេតុដែលខ្ញុំអរគុណ គឺ ម៉ាណែត ត្រូវចេះការពារ ខ្លួនឯង ដោយរបៀបណា កុំចាំឪពុកការពារ អញ្ចឹងខ្ញុំគួរតែថ្លែងការណ៍អរគុណអ្នកដែលវ៉ៃ ហ៊ុន ម៉ាណែត អញ្ចឹងម៉ាណែតឥឡូវចាប់ផ្តើមចេះការពារខ្លួន របៀបការពារខ្លួនរបស់គេយ៉ាងណា គេចេញទ្រឹស្តីរបស់ គេយ៉ាងណា ខ្ញុំអរគុណ កុំចាំអត់ពីឪពុកហើយ អត់មានចេះការពារខ្លួន កុំស៊ីកេរឪពុក គឺអត់ទេអត់ឱ្យ ទម្លាប់ខ្ញុំដួលត្រង់ណា អត់មានទៅលើកដៃកូនឱ្យក្រោកឡើង គឺអត់ទេ ប្រឹងក្រោកខ្លួនឯង”៕