ភ្នំពេញ៖ ចាញ់បោកជនឆបោកជនជាតិខ្មែរម្នាក់អស់ប្រាក់ជាង២លានដុល្លារ រឿងទិញដីប៉ះដីខ្យល់ ស្ត្រីជាជនជាតិចិនម្នាក់បានសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាឲ្យជួយរកយុត្តិធម៌។
ថ្លែងប្រាប់អ្នកសារព័ត៌មានពាក់ព័ន្ធរឿងរ៉ាវនេះអ្នកស្រី ហ៊្វូក ម៉ឺងឈី ជនជាតិចិន សញ្ជាតិកម្ពុជា ដែលជាអ្នកវិនិយោគិនម្នាក់ ដែលបានចាញ់បោកជនឆបោកខ្មែរម្នាក់ឈ្មោះ កែវ មុនីរតន៍ និងបក្សពួក ដែលអះអាងថាជាម្ចាស់ដីពិតប្រាកដទំហំ ៥៤ហិចតា ស្ថិតនៅឃុំបសេដ្ឋ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានលក់ដីខ្យល់ឲ្យទៅអ្នកស្រី ហើយបោកអស់ទឹកប្រាក់ជាង២លានដុល្លា ដែលបច្ចុប្បន្ន ជននេះកំពុងមានសេរីភាពដើរហើរដោយសេរី មិនញញើតច្បាប់ ដោយអាងមានមន្ត្រីគ្រាក់ៗនៅពីក្រោយខ្នង ចាំការពារ។
ពាក់ព័ន្ធរឿងនេះដែរអ្នកស្រីបានប្រាប់ឲ្យសារពត៌មានថា អ្នកស្រីបានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ពី ថ្នាក់មូលដ្ឋានភូមិ ឃុំ ស្រុក រហូតដល់អភិបាលខេត្ត សុំកិច្ចអន្តរាគមន៍ និងដោះស្រាយ តែរហូតដល់ពេល នេះនៅតែមិនមានដំណោះស្រាយជូនអ្នកស្រី ទោះបីជាអ្នកស្រីបានប្រគល់ប្រាក់អស់ច្រើនលានដុល្លា ឲ្យទៅជនឆបោក ហើយបានបង់ពន្ធត្រឹមត្រូវតាមច្បាប់កំណត់ ដូចបញ្ជាក់ក្នុងលិខិតបង់ពន្ធប្រថាប់ត្រាលើ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនវត្ថុលេខ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ និងលិខិតលេខចុះ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
បន្ទាប់ពីបានប្រគល់ប្រាក់តាមកិច្ចសន្យាទិញលក់ហើយ ស្រាប់តែជនឆបោកឈ្មោះ កែវ មុនីរតន៍ ចេះតែគេចវេសមិនព្រមកាត់ប្លង់រឹងហើយអ្នកស្រីមានមន្ទិលសង្ស័យ ក៏បានដាក់ពាក្យសុំដីការសម្រេច រក្សាការពារលើដីទំហំ ៥៤ហិចតា ដែលបានទិញ ប្រគល់ប្រាក់ និងបង់ពន្ធដល់សាលាស្រុក ហើយសាលា ដំបូងខេត្តកំពង់ស្ពឺក៏បានចេញដីការសម្រេចរក្សាការពារតាមការស្នើសុំ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ កុំឲ្យមានការខូចខាតទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដូចបញ្ជាក់ក្នុងដីការសម្រេចរក្សាការពារលេខ១១៦ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តកំពង់ស្ពឺ។
កាន់តែអយុត្តិធម៌សម្រាប់អ្នកស្រី ស្រាប់តែអ្នកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលេចលឺពត៌មានថា ដីដែលអ្នកស្រីប្តឹងទប់ស្កាត់នោះ ត្រូវបានជនឆបោក លក់បន្តឲ្យអ្នកដទៃ ហើយអ្នកស្រីមានមន្ទិលឆ្ងល់ថា ហេតុអ្វីបានជាអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក ខេត្ត ពន្ធដាខេត្ត និងមន្ទីរសុរិយោដី ហ៊ានចេញប្លង់រឹង ឬកាត់ឈ្មោះឲ្យអ្នកទី៣ ដោយដីកំពុងមានទំនាស់នៅតុលាការ? ឬដីការសម្រេចការពាររបស់តុលាការ មិនមានតម្លៃ ស្មើនឹងក្រដាសទទេ? កាន់តែអយុត្តិធម៌ទៀត គឺអភិបាលស្រុក មេឃុំ បានដឹងថាដីនេះកំពុងមានទំនាស់ដោះស្រាយនៅតុលាការ ហើយថែមទាំងហ៊ានស៊ីញ៉េឲ្យការផ្ទេរកម្មសិទ្ធិលក់បន្តឲ្យជនទី៣បាន យ៉ាងរលូន មិនដឹងសំអាងលើហេតុផលអ្វី ហើយលួចធ្វើប្លង់រឹងចេញយ៉ាងស្ងាត់ស្ងៀមទាំងបំពានច្បាប់។
ជាមួយគ្នានោះដែរ អ្នកស្រី ហ៊្វូក ម៉ឺងឈី ស្នើសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជួ យដល់ជនរងគ្រោះពីការឆបោកពីសំណាក់ជនខិលខូច និងចាត់វិធានការស្រាវជ្រាវរឿងមិន ប្រក្រតីក្នុងការកសាងប័ណ្ណកម្មសិទ្ធិ លួចធ្វើទាំងបំពាន ពីសំណាក់មន្ត្រីពាក់ព័ន្ធទាំងឡាយ ហើយអ្នកស្រីជឿជាក់លើសម្តេច តេជោ ពិតជាមិនទុកឲ្យមន្ត្រីខិលខូច ធ្វើតាមទំនើងចិត្ត ដែលប៉ះពាល់ធ្វន់ធ្ងរដល់ទំនុកចិត្តពីអ្នកវិនិយោគដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា៕