បាត់ដំបង៖ លោក សៀងឯម វូនស្ហ៊ី ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាសមាជិកក្រុមការងារចុះជួយមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបងបានឲ្យដឹងថា ការប្រមូលយកសំបកកង់ឡានចាស់ៗមកធ្វើជារបាំងទប់ច្រាំងស្ទឹងបវេល ដែលស្ថិតជិតជាប់របងស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកនេះ គឺ៖ដោយសារតែស្ថានភាពជំនន់ទឹកស្ទឹងបវេល ក្នុងរដូវវស្សាកន្លងមក បានបង្កឲ្យមានការបាក់ដីច្រាំងស្ទឹងក្បែររបងគណបក្សកាន់តែកៀកខិតចូលជិតរបង ទើបក្រុមការងារសម្រេចជ្រើសរើសយកសំបកកង់ឡានចាស់ៗ មកប្រើប្រាស់ជាប្រយោជន៍ក្នុងការទប់ច្រាំងស្ទឹង ដែលកំពុងតែបាក់ខ្លាំង កុំឲ្យបាក់ថែមទៀត។
ការគូសបញ្ជាក់ពីលោក សៀងឯម វូនស្ហ៊ី ជាសមាជិកក្រុមការងារចុះមូលដ្ឋានស្រុកបវេលបែបនេះ ខណៈដែលឯកឧត្តម សុខ លូអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ទីរជំនាញនិងក្រុមការងារសាលាខេត្ត ចុះពិនិត្យមើលពីស្ថានភាពដោយផ្ទាល់ នូវ ទីតាំងស្ពានមួយកន្លែង ដែលស្ថិតនៅក្នុង ភូមិស្លខ្លាញ់ ឃុំបួរវិល ស្រុកបវេល ខេត្តបាត់ដំបង និងបានបន្តដំណើរចុះពិនិត្យមើលច្រាំងស្ទឹងបវេល ដែលរងការខូចខាត បណ្តាលឲ្យមានការបាក់ច្រាំង ដោយសារតែជំនន់ទឹកស្ទឹងក្នុងរដូវវស្សាកន្លងមក និងចុះពិនិត្យមើលពីវឌ្ឍនភាព នៃការសាងសង់ទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបវេលខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។
លោកបានបន្តថា ការយកសំបកកង់ឡានចាស់ៗ មកប្រើប្រាស់ជាប្រយោជន៍ឡើងវិញក្នុងការទប់ច្រាំងស្ទឹងដែលកំពុងតែបាក់បែបនេះ គឺធ្វើឡើងដោយផ្អែកលើការសាកល្បងនិងសិក្សាពីគុណប្រយោជន៍និងសារៈសំខាន់មួយចំនួនពីសំបកកង់ឡានចាស់ៗដែលគេបោះចោលប្រើប្រាស់លែងកើត ហើយបណ្តាប្រទេសជឿនលឿនមួយចំនួន ដូចជា៖ប្រទេសថៃ ប្រទេសកាណាដា ប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត ក៏គេយកសំបកកង់ឡានចាស់ៗទាំងនេះមកសាកល្បងប្រើប្រាស់ឡើងវិញផងដែរ។
ដោយមើលឃើញនិងសិក្សាតាមប្រព័ន្ធព័ត៌មានវិទ្យាពីបញ្ហានេះ និងបានធ្វើការពិភាក្សាជាមួយអ្នកជំនាញអ្នកបច្ចេកទេសពីក្រសួងធនធានទឹកដែលជាក្រុមការងារចុះមូលដ្ឋានស្រុកទើបឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបវេលសម្រេចចិត្តសាកល្បងប្រមូលយកសំបកកង់ឡានចាស់ៗ និងប្រមូលទិញពីគេខ្លះៗ បានប្រមាណជាង៦០០សំបកកង់ ដើម្បីយកមកសាកល្បងប្រើប្រាស់ឡើងវិញ ក្នុងការទប់ច្រាំងស្ទឹងទប់ដីជម្រាលបាក់ កុំឲ្បបាក់ធ្ងន់ធ្ងរថែមទៀត។
តាមការគូសបញ្ជាក់ពីលោក សៀងឯម វូនស្ហ៊ី ទីប្រឹក្សាក្រសួងមហាផ្ទៃបានឲ្យដឹងបន្ថែមថាការប្រមូលយកសំបកកង់ឡានចាស់ៗសាកល្បងប្រើប្រាស់ឡើងវិញបែបនេះ ក៏ជាផ្នែកមួយក្នុងការកាត់បន្ថយការចំណាយថវិកាសាងសង់ទប់ច្រាំងស្ទឹង បានប្រមាណ៥០% ផងដែរ៕