សម្តេចតេជោ អំពាវនាវឲ្យចូលរួមលុបបំបាត់អំពើហិង្សាគ្រប់រូបភាពលើស្ត្រី

0
4

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យចូលរួមលុបបំបាត់អំពើហិង្សាគ្រប់រូបភាពទាំងអស់ទៅលើស្ត្រី។

នៅក្នុងឳកាសអញ្ជើញជាអធិបតីប្រារព្ធពិធី​អបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងកិច្ចការនារីនាពេលកន្លងមកជាពិសេសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដែលបានខិតខំប្រឹងប្រែងជំរុញការងារស្ត្រីឲ្យទទួលបាននូវភាពជោគជ័យនាពេលបន្តបន្ទាប់។

សម្ដេចតេជោមានប្រសាសន៍ថា អ្វីដែលយើងត្រូវធ្វើដើម្បីអំណាចស្ត្រីនោះ គឺត្រូវធ្វើយ៉ាងណាឱ្យស្ត្រីមានកម្រិតសេដ្ឋកិច្ចល្អប្រសើរ ព្រោះកត្តាសេដ្ឋកិច្ចនេះហើយ គឺជាការសម្រេចដ៏ធំរបស់ស្ត្រីនាពេលបច្ចុប្បន្ន។

សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា កិច្ចការដែលត្រូវបន្តធ្វើនោះ គឺត្រូវពង្រឹង និងបង្កើតឱ្យមានអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីឱ្យបានកាន់តែច្រើន សម្រាប់ឲ្យពួកគាត់បានបន្តការសិក្សារៀនសូត្រ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់សប្បុរសជនអោយជួយគាំពារ ដើម្បីអាចបង្កើតអន្តេវាសិកដ្ឋានតាមកម្រិតមធ្យមសិក្សា និងថ្នាក់ឧត្តមសិក្សា ដើម្បីរក្សាគម្លាតនៃការសិក្សារវាងសិស្សស្រី និងសិស្សប្រុស ជាពិសេសតំបន់ជនបទដាច់ស្រយាល។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា គោលដៅធំ និងជាអាទិភាពដែលរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវធ្វើ គឺត្រូវការពង្រឹងអំណាចស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចឱ្យបានកាន់តែធំធេងថែមទៀត តាមរយៈការពង្រឹងអំណាចដល់ស្រ្ដីនូវគ្រប់ការងារទាំងអស់ជាពិសេសអំណាចគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានសម្តែងការព្រួយបារម្ភចំពោះទម្ងន់ នៃអំពើហិង្សានានា ដែលមានស្ថានភាពធ្ងន់ធ្ងរ រហូតដល់បុរសជាប្តីបាញ់សម្លាប់ប្រពន្ធខ្លួនឯង កាលពីពេលថ្មីៗនេះ និងទម្រង់ហិង្សាផ្សេងៗទៀត ដូច្នេះសម្តេចតេជោសូមអំពាវនាវឲ្យមានការបញ្ឈប់នៅអំពើហិង្សាទាំងអស់នេះ និងចូលរួមលុបបំបាត់អំពើហិង្សាគ្រប់រូបភាពទាំងអស់ទៅលើស្ត្រី។

ជាមួយគ្នានោះ សម្តេចតេជោបានលើកឡើង ពីការហែកហួរគ្នា រវាង ប្តី ប្រពន្ធ លែងលះគ្នា ហើយមានការឌឺដងឲ្យគ្នា តាមបណ្តាញសង្គម Facebook ដែលនេះ សម្ដេចតេជោចាត់ទុកថា ជារឿងអាម៉ាសបំផុត មិនត្រឹមតែបុគ្គលទាំងសងខាងនោះទេ វាបានជះឥទ្ធិពលធ្ងន់ធ្ងរដល់កូនៗ និងក្រុមគ្រួសារទៀតផង។

សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់ក្រុមគ្រួសារទាំងឡាយ បើសិនជាក្រុមគ្រួសាររស់នៅមិនចុះសម្រុងជាមួយគ្នា ត្រូវដោះស្រាយគ្នាដោយសន្ដិវិធី ដើម្បីរក្សាកិត្តិយសគ្រួសារ និងសីលធម៌នៅក្នុងសង្គម ជៀសវាងការហែកហួរជេរគ្នាតាមបណ្ដាញសង្គម ដែលធ្វើឲ្យអាប់ឱនទាំងគ្រួសារ និងសង្គមជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here