ក្រសួងបរិស្ថាន និងអាជ្ញាធររដ្ឋបាលខេត្ត ធ្វើការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនូវវិស័យបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងខេត្តបាត់ដំបង

0
8

បាត់ដំបង៖ ក្រសួងបរិស្ថាន បានសហការជាមួយនិងរដ្ឋបាលខេត្តបាត់ដំបង ធ្វើសិក្ខាសាលាផ្សព្វផ្សាយដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ក្នុងមូលដ្ឋានខេត្តបាត់ដំបង ស្ដីពីការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ជូនដល់អាជ្ញាធរដែនដី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស មន្រ្តីអនុវត្តន៍ច្បាប់និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ពាក់ព័ន្ធនៅក្នុងតំបន់គោលដៅភូមិសាស្ត្រនៃខេត្តបាត់ដំបង។

សិក្ខាសាលានេះបង្កើតឡើង ក្រោមការផ្តួចផ្តើមគំនិត របស់ ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលបានជម្រុញរៀបចំឱ្យមានសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធាធម្មជាតិនៅខេត្តបាត់ដំបងចំនួន០២ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ខែមេសាឆ្នាំ២០២៣។

ថ្លែងបើកសិក្ខាសាលានៅថ្ងៃទី២៥នេះ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងគូសបញ្ជាក់ថា អង្គសិក្ខាសាលាបានផ្តោតនូវគោលបំណង ដើម្បីបញ្ជ្រាបចំណេះដឹងនៅក្នុងការពង្រឹងសមត្ថភាពជូនដល់មន្រ្តីអនុវត្តន៍ច្បាប់ ព្រមទាំងដើម្បីផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធនឹងការការពារគ្រប់គ្រងអភិរក្សបរិស្ថាន និងធនធានធម្មជាតិយ៉ាងសំខាន់។ខណៈដែលមន្រ្តីអនុវត្តន៍ច្បាប់វាគឺជាតួអង្គដ៏មានសារៈសំខាន់ ក្នុងការចូលរួមសហការក្នុងការការពារនៅក្នុងតំបន់ដែនការពារធនធានធម្មជាតិស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធ

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងដោយសង្កត់ឱ្យដឹងបន្ថែមថា នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង គឺមានតំបន់ការពារធម្មជាតិចំនួន៧កន្លែងដែលចាំបាច់ត្រូវតែការពារ និង អភិរក្សយ៉ាងម៉ឺងមាត់បំផុតដើម្បីជាឧត្តមប្រយោជន៍ជូនចំពោះប្រទេសជាតិនិងកូនចៅជំនាន់ក្រោយ ហើយដីនៅក្នុងតំបន់ការពារធនធានធម្មជាតិទាំងនោះ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនអាចជាកម្មវត្ថុក្នុងការទិញលក់បានឡើយ។នូវរាល់ការបញ្ជាក់ទទួលស្គាល់ដឹងឮ នៅលើលិខិត ទិញលក់ដីក្នុងតំបន់ការពារធនធានធម្មជាតិគឺត្រូវបាន(មោឃភាព)ចោលជាអាសារបង់ ហើយបុគ្គលដែលពាក់ព័ន្ធទាំងអស់ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានផងដែរ។

នៅក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត ជាតំណាងឯកឧត្តម សុខ លូ អភិបាលបាត់ដំបង បានថ្លែងដោយលើកឡើងថា ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាននិងធនធានធម្មជាតិ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់នូវក្នុងការពង្រឹងសមត្ថភាពរបស់មន្រ្តីអនុវត្តន៍ច្បាប់និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងធនធានធម្មជាតិ ដែលស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្រ្តរបស់ខេត្តបាត់ដំបង និងក្នុងការកសាងនូវសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់

ឯកឧត្តមបានបន្តទៀតថា តាមរយៈសិក្ខាសាលាថ្ងៃនេះវាក៏បានឆ្លុះបញ្ចាំងអំពីការខិតខំ និងពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តបាត់ដំបង ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចសហការ ការការពារនូវទ្រព្យសម្បត្តិរដ្ឋ និងការអភិរក្សនូវធនធានធម្មជាតិក្នុងតំបន់ការពារធនធានធម្មជាតិប្រកបដោយចីរភាព នៅក្នុងព្រះរាជាណចក្រកម្ពុជា។ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here