ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងចុះហត្ថលេខាលើការសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយក្រុមហ៊ុនចិននៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង១៣៥គីឡូម៉ែត្រ គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១.៣៥ប៊ីលានដុល្លារអាមេរិក នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្តេចបញ្ជាក់ថា “ម្សិលមិញនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើលិខិតបន្ទាន់មួយឱ្យខ្ញុំ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បើកការដ្ឋានថ្ងៃនេះ យើងនឹងផ្តើមចុះហត្ថលេខានៅម៉ោង២រសៀលថ្ងៃនេះ អំពីការសិក្សាផ្លូវល្បឿនលឿន តភ្ជាប់ភ្នំពេញទៅសៀមរាប និងសៀមរាប ទៅប៉ោយប៉ែត កាន់តែវែងឆ្ងាយទៅហើយ”។
សម្ដេចតេជោបន្តថា ផ្លូវល្បឿនលឿននេះវានឹងកើតមុនពេលដែលខ្ញុំស្លាប់ បើទោះបីជាខ្ញុំមិនធ្វើនាយករដ្ឋមន្ត្រីបន្ត ក៏ប៉ុន្តែខ្ញុំមានឱកាស ដើម្បីនឹងមើលកូនចៅគណបក្សប្រជាជនកម្ពុជា គេដឹកនាំយ៉ាងម៉េច ហើយយើងក៏ជួយគាំទ្រលើកទឹកចិត្តឲ្យពួកគេធ្វើទៅ ពួកយើងចាស់ៗអស់ហើយ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ធ្វើឡើងរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕