រដ្ឋមន្ត្រីសង្គមកិច្ច អំពាវនាវគ្រប់ភាគី ត្រូវបន្តយកចិត្តទុកដាក់លើកស្ទួយសុខុមាលភាពជនមានពិការភាព មនុស្ស គ-ថ្លង់នៅកម្ពុជា

0
21

ភ្នំពេញ៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានអំពាវនាវដល់គ្រប់ភាគីទាំងអស់បន្តយកចិត្តទុកដាក់លើកស្ទួយសុខុមាលភាពជនមានពិការភាព ពិសេសមនុស្សគ-ថ្លង់នៅកម្ពុជា ដោយប្រែក្លាយផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងឯកសារគតិយុត្តិទាំងឡាយពាក់ព័ន្ធនឹងពិការភាពឱ្យក្លាយជាការពិត។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីថ្មីរូបនេះ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងទិវាមនុស្សគ-ថ្លង់ កម្ពុជា លើកទី១១ និងអន្តរជាតិ លើកទី៦៦ ក្រោមប្រធានបទ «បរិយាបន្នការងារសម្រាប់មនុស្សគ-ថ្លង់ដើម្បីការអភិវឌ្ឍ» រៀបចំធ្វើនៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

លោក ជា សុមេធី បានថ្លែងបន្ថែមថា ការប្រារព្ធទិវាមនុស្សគ-ថ្លង់ ជាការផ្តល់ឱកាសជួបជុំគ្នាក្នុងមួយឆ្នាំម្តងរវាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងបងប្អូនមនុស្សគ-ថ្លង់ ដែលជាការបង្ហាញអំពីការផ្តល់សិទ្ធិ ក្នុងការចូលរួមដោយឥតរើសអើង និងជាការលើកស្ទួយតម្លៃមនុស្សគ-ថ្លង់ ពិសេសធ្វើយ៉ាងណាឱ្យមានបរិយាបន្នការងារសម្រាប់មនុស្សគ-ថ្លង់ ស្របតាមប្រធានបទក្នុងទិវានេះ ដែលជាការគិតគូរពីឧត្ដមប្រយោជន៍របស់មនុស្ស គ-ថ្លង់នៅកម្ពុជា។

លោក ជា សុមេធី បានបន្តថា រាជរដ្ឋាភិបាល បានបង្កើតវិទ្យាស្ថានជាតិអប់រំពិសេស សម្រាប់បណ្តុះបណ្តាលគ្រូជំនាញគ្រប់កម្រិត វិក្រឹត្យការបុគ្គលិកអប់រំ អភិវឌ្ឍសមត្ថភាពអប់រំអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឱ្យស្របតាមស្តង់ដាសមត្ថភាពកំរិតគុណវុឌ្ឍជាតិ និងតម្រូវការទីផ្សារការងារសម្រាប់ជនមានពិការភាព។

ទន្ទឹមនេះ ក្រសួងសង្គមកិច្ច ក៏បានបង្កើតវិទ្យាស្ថានជាតិសង្គមកិច្ច ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានចំណេះដឹងលើវិស័យសង្គមកិច្ច ការងារការស្តារលទ្ធភាពពលកម្មកាយសម្បទា ក្នុងទិសដៅផ្តល់សេវាដល់បងប្អូនជនមានពិការភាព របស់យើងស្របតាមលក្ខណៈបច្ចេកទេស និងមានវិជ្ជាជីវៈត្រឹមត្រូវ។ ជារួមការវិនិយោគជាមួយជនមានពិការភាពលើការអប់រំ បណ្តុះបណ្តាល ជំនាញ គឺជាទុនដ៏សំខាន់សម្រាប់ផ្តល់ធនធានមនុស្ស ការលើកកម្ពស់ និងជំរុញឱ្យជនមានពិការភាពមានលទ្ធភាពទទួលបានការងារ មុខរបរ មានប្រាក់កម្រៃកាន់តែប្រសើរឡើង ពិសេសគឺអាចរស់នៅបានដោយឯករាជ្យប្រកបដោយភាពសុខុដុមរមនា។ ជាក់ស្តែង បងប្អូនជនមានពិការភាពមួយចំនួនបានបំពេញការងារល្អ ទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ ហើយបានក្លាយជាអ្នកដឹកនាំក្នុងក្រសួង ស្ថាប័ន និងផ្នែកឯកជនទៀតផង។

ក្នុងឱកាសនោះដែរ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការថ្លែងថា នៅលើពិភពលោក ទិវាមនុស្សគ-ថ្លង់ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៨ មកម្ល៉េះ។រហូតមកដល់បច្ចុប្បន្ននេះ មានប្រទេសប្រមាណ១៣៣ លើពិភពលោកបាននិងកំពុងបន្តរៀបចំព្រឹត្តិការណ៍នេះ។ ការរៀបចំទិវានេះមានលក្ខណៈផ្សេងៗតាមការនិយម តាមបែបប្រពៃណីនិងទំនៀមទំលាប់ខុសៗគ្នាប្រទេសមួយទៅប្រទេសមួយ និងមានប្រធានបទផ្សេងៗគ្នាតាមឆ្នាំនីមួយៗ។ ប្រទេសខ្លះបានរៀបចំជាការដង្ហែក្បួន ជាកិច្ចប្រជុំពិភាក្សា ការប្រគំតន្ត្រី សិក្ខាសាលា សន្និបាត មិទ្ទីញជាដើម។

ជាមួយគ្នានេះ នៅកម្ពុជា បានរៀបចំទិវាមនុស្សគ-ថ្លង់នេះ ត្រូវបានរៀបចំឡើងក្នុងកម្រិតថ្នាក់ជាតិចាប់តាំងពីឆ្នាំ២០១៣មកម៉្លេះ ដែលជាការបង្ហាញឱ្យឃើញអំពីការគិតគូរយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល សាធារណៈជន សង្គមស៊ីវិល ក្រុមគ្រួសារ មិត្តភក្តិដើម្បីលើកទឹកចិត្ត ហើយបំពេញតាមតម្រូវការរបស់មនុស្សគ-ថ្លង់ ព្រមទាំងបង្កើនការលើកកម្ពស់សិទ្ធិ និងសេរីភាពរបស់មនុស្សគ-ថ្លង់នៅលើពិភពលោក។

គួរបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើការស្រង់ស្ថិតិ ក្នុងឆ្នាំ២០២២កន្លងទៅជនមានពិការភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័ន រដ្ឋចំនួន៣៧ មានជនមានពិការភាពចំនួន ៣ ៧៤៨ នាក់ ក្នុងនោះស្រ្តីមានពិការភាពចំនួន ៨៦២នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២ ២៦០នាក់ បើគិតជាភាគរយ ២.០១%។

ដោយឡែក វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ ដែលបានប្រកាសចុះបញ្ជិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ទូទាំងប្រទេសមានចំនួន ២៩១ គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមានជនមានពិការភាពចូលបម្រើការងារ ចំនួន ៥ ៨៣៩នាក់ ស្រ្តីមានពិការភាព ៣ ៨៣៦នាក់ សរុបទាំងស្ថាប័នរដ្ឋនិងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៩៥៨៧នាក់កំពុងបម្រើការងារ៕

ដោយ៖ បាន ធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here