សាកលវិទ្យាល័យជាតិបាត់ដំបង រៀបចំសិក្ខាសាលាកសាងសមត្ថភាពជំនាញបង្រៀននៅសតវត្សទី២១ របស់ខ្លួន

0
18

បាត់ដំបង៖​ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកម្មវិធីសាងសមត្ថភាពជំនាញបង្រៀន នៅសតវត្ស ទី២១ នៅក្នុងគម្រោងបណ្តុះបណ្តាលគ្រូបង្រៀនឯកទេសបំណិនជីវិត និងបច្ចេកវិទ្យា ឬជំនាញបង្រៀនសតវត្សទី២១(21st Teach Skills)ដែលសហការផ្តល់មូលនិធិដោយសហ
ភាពអឺរ៉ុប ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិបាត់ដំបង(NUBB)។

កម្មវិធីនេះមានគោលបំណងបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងគរុកោសល្យ ដល់សិក្ខាកាមចំនួនពីរម៉ូឌុល លើប្រធានបទសំខាន់ៗចំនួន៥រួមមាន៖ ១. ការរៀន និង ការបង្រៀនតាមបែបសិស្សមជ្ឈមណ្ឌល។ ២. វីធីសាស្រ្តបង្រៀនប្រកបដោយនវានុវត្តន៍ ការប្រើប្រាស់ឧទ្ទេសបង្រៀនឌីជីថល និងប្រព័ន្ធគ្រប់គ្រងការរៀន (LMS/Apps)។៣. ការវាយតម្លៃសមិទ្ធកម្មនៅថ្នាក់ឧត្តមសិក្សា។៤.ការអភិវឌ្ឍជំនាញរិៈគិតឆ្លុះបញ្ចាំង រិៈគិតស៊ីជម្រៅ និងពីការរៀបចំមុខវិជ្ជាបង្រៀន។ ៥. ភាពច្នៃប្រឌិត នៅថ្នាក់ឧត្តមសិក្សា
ដោយផ្តោតបរិយាកាស, ការបង្រៀន, និង ការរៀន។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលាបណ្តុះបណ្តាលនេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានមានប្រសាសន៍ថា «ការបណ្តុះបណ្តាលនេះពិតជាបានរួមចំណែកពង្រឹងសមត្ថភាពបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងបានជួយលើកកម្ពស់គុណភាព​នៃការអប់រំដល់និស្សិត ស្របតាមយុទ្ធសាស្រ្ត រយៈពេល១០ឆ្នាំ របស់ សាកលវិទ្យាល័យជាតិបាត់ដំបង និង យុទ្ធសាស្រ្តបញ្ចកោណ របស់ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៧នៃរដ្ឋសភាជាតិ»។

ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានសង្កត់ធ្ងន់ថា កម្មវិធីអប់រំរបស់សាកលវិទ្យាល័យជាតិបាត់ដំបងគ្រប់ជំនាញគឺបានដាក់បញ្ជូលជំនាញសតវត្សទី២១ ដែលរួមមាន ការប្រា​ស្រ័យ​ទាក់ទង, កិច្ចសហប្រតិបត្តិការ,ភាពច្នៃប្រឌិតនិងការរិៈគិតស៊ីជម្រៅដើម្បីជាការឆ្លើយតបទៅនឹងកម្មវិធីកំណែទម្រង់ឧត្តមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអនុក្រឹត្យស្តីពីក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា។ហើយសាកលវិទ្យាល័យបាននឹងកំពុងរៀបចំមាតិកាអប់រំឌីជីថលដើម្បីដាក់បញ្ជូលមុខវិជ្ជាសិក្សាសំខាន់ៗមួយចំនួនចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងការបង្រៀនម៉ូឌល(Moodle)ស្របតាមអនុក្រឹត្យស្តីពីការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជាផងដែរ។

សូមបញ្ជាក់ថា គម្រោងជំនាញបង្រៀនសតវត្សទី២១នេះ បានផ្តោតនូវគោលបំណងសំខាន់ៗចំនួន៦ រួមមាន៖ * កែលម្អគុណភាពឧត្តមសិក្សា និង ការរៀនសូត្រពេញមួយជីវិត។ * លើកកម្ពស់ការអប់រំដែលជាប់ពាក់ព័ន្ធ សម្រាប់ទីផ្សារការងារ។* កែលម្អកម្រិតសមត្ថភាព និងជំនាញនៅគ្រឹះស្ថានឧត្តមសិក្សា។* លើកកម្ពស់សមត្ថភាពនវានុវត្តន៍ និងអន្តរជាតូបនីយកម្ម នៅក្នុងគ្រឹះស្ថានឧត្តមសិក្សា។* ជំរុញកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យអឺរ៉ុប ដើម្បីអភិវឌ្ឍន៍កម្មវិធីសិក្សាក្នុងវិស័យសិក្សា អំពីការអប់រំក្នុងប្រព័ន្ធឧត្តមសិក្សា។* លើកស្ទួយទំនាក់ទំនងអន្តរបុគ្គល និង ការយល់ដឹង ពីអន្តរវប្បធម៌។ហើយគម្រោងនេះ ក៏ជាផ្នែកមួយនៃគម្រោងសហប្រតិបត្តិការដើម្បីនវានុវត្តន៍និងការផ្លាសប្តូរឧត្តមានុវត្តន៍ នៃ ការកសាងសមត្ថភាព នៅក្នុងវិស័យឧត្តមសិក្សាដោយបានទទួលនូវការគាំទ្រហិរញ្ញវត្ថុ ដោយសហភាពអ៊ឺរ៉ុប ដែលមានដៃគូចំនួន៦ប្រទេស រួមមាន៖ប្រទេសក្រិក (សាកលវិទ្យាល័យអៃអូនីណា),ប្រទេសលីទុយអានី (សាកលវិទ្យាល័យក្លៃប៉េដា), ប្រទេសលុចសំបួរ (ក្រុមហ៊ុនណូវិនគ្រុប),ប្រទេសកម្ពុជា (សាកលវិទ្យាល័យជាតិបាត់ដំបង និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ),ប្រទេសចិន (សាកលវិទ្យាល័យសៅវីស និង សាកលវិទ្យាល័យសិនហ្សិន), និងប្រទេសឥណ្ឌា (សាកលវិទ្យាល័យអន្តរជាតិស៊ីមប៊ីស៊ីសនិងសាកលវិទ្យាល័យបាណាសថាលីវិទ្យាពិត)៕

LEAVE A REPLY

Please enter your comment!
Please enter your name here