តំបន់ ទន្លេមេគង្គ-ឡានឆាង កំពុងប្រឈមនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ

0
10

ភ្នំពេញ៖ យោងតាមព័ត៌មាន របស់ក្រសួងធនធានទឹកនៃប្រទេសចិន បានឲ្យដឹងថា ដើម្បីអនុវត្តគំនិតផ្តួចផ្តើម របស់លោក Li Keqiang នាយករដ្ឋមន្រ្តីចិន ដែលបានលើកឡើងស្តីអំពី “ភាគីចិនចាប់ពីឆ្នាំនេះតទៅ នឹងចែករំលែកព័ត៌មាន ជលសាស្ត្រ របស់ទន្លេឡានឆាង ពេញមួយឆ្នាំ ជាមួយនឹងបណ្តាប្រទេស លើដងទន្លេមេគង្គ”។

កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី៣ ហើយក្រសួងធនធានទឹក បានចាប់ផ្តើមពិគ្រោះយោបល់ អំពីបច្ចេកទេសជាមួយ នឹងបណ្តាប្រទេស លើដងទន្លេមេគង្គ យ៉ាងឆាប់រហ័ស។ នេះបើយោងហ្វេសប៊ុកផេករបស់ស្ថានទូតចិនប្រចាំកម្ពុជា។

នៅក្នុងកិច្ចប្រជុំ ក្រុមការងារចម្រុះ កិច្ចសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ ដែលបានរៀបចំឡើង កាលពីថ្ងៃទី២៤ ខែកញ្ញា ដោយតាមរយៈVideo Conference និងបានចុះហត្ថលេខាលើ “អនុស្សារណៈយោគយល់ ស្តីអំពីភាគីចិន ផ្តល់ជូនព័ត៌មានជលសាស្ត្រ របស់ទន្លេឡានឆាងពេញមួយឆ្នាំ ដល់ប្រទេសសមាជិកចំនួន៥ផ្សេងទៀត ដោយស្ថិតក្រោមយន្តការ ក្រុមការងារចម្រុះកិច្ចសហប្រតិបត្តិការ ធនធានទឹកឡានឆាង-មេគង្គ”។

នៅក្នុងកិច្ចសន្ទនា លើកទី២៤ រវាងចិន មីយ៉ាន់ម៉ា និងគណៈកម្មាធិការទន្លេមេគង្គ ដែលបានធ្វើឡើង កាលពីថ្ងៃទី២២ ខែតុលា និងបានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងរវាងក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈកម្មាធិការទន្លេមេគង្គ ស្តីពីក្រសួងធនធានទឹក នៃចិនផ្តល់ព័ត៌មានជលសាស្រ្ត របស់ទន្លេឡានឆាងពេញមួយឆ្នាំ ដល់លេខាធិការដ្ឋានគណៈកម្មាធិការទន្លេមេគង្គ”។

យោងតាម អនុស្សារណៈយោគយល់ និងកិច្ចព្រមព្រៀងនេះ ក្រសួងធនធានទឹក ផ្តល់ព័ត៌មាន ជលសាស្រ្តពេញមួយឆ្នាំ នៃស្ថានីយ៍ជលសាស្ត្រ អន្តរជាតិចំនួន២ ពោលគឺYunjinghong និង Man’an នៃទន្លេឡានឆាង ជាផ្លូវការដល់ប្រទេស ដែលមានទន្លេមេគង្គ ហូរកាត់ទាំងប្រាំ និងគណៈកម្មាធិការទន្លេមេគង្គ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទទួលរងកត្តា នៃការកើនឡើងសីតុណ្ហភាព ភាពមិនប្រក្រតីនៃខ្យល់មូសុង និងកត្តាអាកាសធាតុផ្សេងទៀត តំបន់ដែលហូរកាត់ នៃទឹកទន្លេឡានឆាង-មេគង្គ កំពុងតែប្រឈមនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ភាគីចិនចាប់ផ្តើមដំណើរជំរុញ កិច្ចសហប្រតិបត្តិការ ទប់ស្កាត់នឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុងតំបន់ដែលហូរកាត់ ពង្រីកវិសាលភាព នៃការចែករំលែកព័ត៌មាន ជលសាស្ត្ររបស់ទន្លេឡានឆាង ចាប់ពីរដូវទឹកឡើងខ្លាំង រហូតដល់ពេញមួយឆ្នាំ បម្រើដំណើរ សកម្មភាពនៃការព្យាករណ៍ ឧតុនិយមនិងសកម្មភាព កាត់បន្ថយគ្រោះមហន្តរាយ នៅខ្សែទឹកខាងក្រោម កាត់បន្ថយការបាត់បង់ ខូចខាតរបស់ប្រជាជន នៅតាមបណ្តោយទន្លេក្នុងកម្រិតធំបំផុត បង្ហាញយ៉ាងពេញលេញ នូវឆន្ទៈនិងភាពស្មោះត្រង់ របស់ភាគីចិននិងប្រទេស នៅតាមបណ្តោយទន្លេមេគង្គ រួមគ្នាដោះស្រាយ បញ្ហាប្រឈមជាមួយនឹង អាកាសធាតុកម្រិតខ្ពស់។

ប្រទេសបណ្តោយទន្លេមេគង្គ បានវាយតម្លៃខ្ពស់ចំពោះ ទង្វើល្អរបស់ចិន និងសូមថ្លែងអំណរគុណ ចំពោះប្រទេសចិន ដែលបានផ្តល់ព័ត៌មាន ជលសាស្ត្ររបស់ ទន្លេឡានឆាងពេញមួយឆ្នាំ។

ប្រទេសដែលមាន ទន្លេឡានឆាង-មេគង្គ ហូរកាត់ទាំង៦ បានឯកភាពគ្នាពង្រឹង កិច្ចចែករំលែកទិន្នន័យ ខ្លឹមសារ ចំណេះដឹង បទពិសោធន៍ និងបច្ចេកទេស ជាដើមនៃធនធានទឹក ដោយតាមរយៈការរួមគ្នា បង្កើតវេទិកា ចែករំលែកព័ត៌មាន ស្តីពីកិច្ចសហប្រតិបត្តិការ លើធនធានទឹក ឡានឆាង-មេគង្គ ដើម្បីបង្កើនកម្រិត នៃការឆ្លើយតបរួមគ្នា ចំពោះបញ្ហាប្រឈមដូចជា ទឹកជំនន់និងគ្រោះរាំងស្ងួត នៅតំបន់ទឹកទន្លេហូរកាត់ និងលើកកម្ពស់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៃធនធានទឹក ក្នុងប្រទេសទាំង៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here