ភ្នំពេញ៖ ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៥ បានអញ្ជើញប្រគល់ផ្ទះថ្មី ១ខ្នង ជូនលោកយាយ សែម យ៉ុន អាយុ៧៨ឆ្នាំ មានជីវភាពខ្វះខាត់ ផ្ទះត្រូវបានអគ្គីភ័យឆាប់ឆេះកាលពីពេលកន្លងទៅ ស្ថិតនៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី និងបានផ្តល់អំណោយជូនគ្រួសារមានជីវភាពខ្វះខាត់ចំនួន ១០ទៀតផងដែរ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ ន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកយាយ អុំ ពូ មា មីង និងបងប្អូនប្រជាពលរដ្ឋដោយក្ដីនឹករលឹក។
ឯកឧត្តម ក៏បានសម្ដែងក្ដីសោកស្ដាយចំពោះគ្រោះអគ្គិភ័យដែលកើតឡើងធ្វើឱ្យផ្ទះរបស់លោកយាយ សែម យ៉ុន ត្រូវបានបំផ្លាញទាំងស្រុងក្នុងមួយពព្រិចភ្នែក។
ឯកឧត្ដម បញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន ភ្លាម សាខាកាកបាទក្រហមកម្ពុជា ខេត្ត ក៏មិនព្រងើយកន្តើយ បានចាត់ក្រុមការងារក្នុងការជួយនឹងសាងសង់ផ្ទះថ្មីជូនលោកយាយ សម្រាប់ជាជម្រកថ្មី រស់នៅ។
ឯកឧត្ដមបានបន្តថា ទោះក្នុងកាលៈទេសៈណាក៏ដោយ កាកបាទក្រហម កម្ពុជានៅតែរួមសុខរួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនថាទីណាកន្លែងណាក៏ដោយឱ្យតែមានទុក តែងមានកាកបាទក្រហមជានិច្ច
សូមបញ្ជាក់ថា ផ្ទះលោកយាយ សែម យ៉ុន អាយុ៧៨ឆ្នាំ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុង កាលពីថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ ដោយពិនិត្យឃើញថាគ្រួសារលោកយាយ មានជីវភាពលំបាក រស់នៅអចិន្ត្រៃយ៍ក្នុងភូមិ និងមានដីកម្មសិទ្ធិ សម្រាប់សង់លំនៅដ្ឋានបាន និងមនការយល់ព្រមពី គណៈកម្មាធិការសាខា មន្ត្រីសាខាបានសហការណ៍ចាប់ផ្តើមសាងសង់ផ្ទះថ្មីមួយខ្នង មានទំហំ ទទឹង ៤ម៉ែត្រ បណ្តោយ ៦ម៉ែត្រ កម្ពស់ ៣.៨ម៉ែត្រ។ ដោយឡែកចំពោះ១០គ្រួសារ ដែលមានជីវភាពខ្វះខាត ទទួល បាន អង្ករ ២៥ គីឡូក្រាម, គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួនទៀតផងដែរ៕







