គ្រឹះស្ថានសិក្សាឯកជនចំនួន៤ បានផ្អាកជាបណ្ដោះអាសន្នក្រោយមានការពាក់ព័ន្ធប្រតិភូនៃប្រទេសហុងគ្រី

0
8

ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងថា គិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានប្រមូលព័ត៌មាន ពីគ្រឹះស្ថានសិក្សា ហើយបានរកឃើញថា មានគ្រឹះស្ថាន សិក្សាឯកជនចំនួន០៤ ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។

លោកបញ្ជាក់ថា គណ:គ្រប់គ្រង នៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការ តាមការណែនាំ របស់ក្រសួងសុខាភិបាល យ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការ សិក្សាក្នុងថ្នាក់រៀន តាមការចាំបាច់ និងបន្តការសិក្សា តាមអនឡាញរយ:ពេល១៤ថ្ងៃ។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធ ស្ថិតក្នុងការផ្សព្វផ្សាយ របស់ក្រសួងសុខាភិបាល។

លោកបានអោយដឹងទៀតថា ស្ថានភាពនៃគ្រឹះស្ថានសិក្សាទាំងបួនរួមមាន៖

-គ្រឹះស្ថានសិក្សាទី១ មានបុគ្គលិក១រូបបានប៉ះពាល់ ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី ។
-គ្រឹះស្ថានសិក្សាទី២ មានសិស្ស២រូប ដែលមានមាតាបិតា បានប៉ះពាល់ ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
-គ្រឹះស្ថានសិក្សាទី៣ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
-គ្រឹះស្ថានសិក្សាទី៤ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

សូមរំលឹកថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ «ការពិនិត្យវត្ថុសំណាក អ្នកប៉ះពាល់ជាមួយ លោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ២១២នាក់ ដែលទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ បេីសរុបទាំងពីរថ្ងៃ (ថ្ងៃទី០៤ និងទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០) អ្នកប៉ះពាល់សរុប មានចំនួន ៨៤០នាក់ ដែលបានធ្វេីតេស្ត អវិជ្ជមានវីរុសកូវីដ-១៩»៕

LEAVE A REPLY

Please enter your comment!
Please enter your name here