ភាជន៍ដីដុតពណ៌បៃតងមួយ ត្រូវបានប្រទះឃើញ ក្នុងដំណើរការជួសជុល ប្រាសាទលលៃ

0
9

ភ្នំពេញ៖ ភាជន៍ធ្វើពីដីដុតមានស្រទាប់រលោងពណ៍បៃតងចំនួនមួយបានរកឃើញនៅលើខឿនត្រង់មាត់ជណ្តើរខាងលិចនៃតួប៉មឦសានប្រាសាទលលៃ។ ភាជន៍ធ្វើពីដីដុតដែលមានទំហំមាត់២០ស.ម និងកម្ពស់១០ស.មនេះ ប្រើប្រាស់ជាកោដ្ឋសម្រាប់ដាក់ធាតុ និងបានបញ្ចុះនៅជុំវិញបរិវេណប្រាសាទបុរាណ។ ទំនៀមបុរាណនេះ បានបន្តរៀងមក ទោះមានការប្រែប្រួលខ្លះ តែក្នុងបំណងដើម្បី ឱ្យអ្នកដែលស្លាប់នោះ បានទៅភ្ជាប់និស្ស័យនឹងទេព។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា។

លោក ឈូក សុម៉ាឡា បុរាណវិទូនិងជាមន្ត្រីក្រុមចុះបញ្ជី សារពើភណ្ឌនៃនាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមការងារជួសជុល បានរកឃើញភាជន៍ ដែលប្រើប្រាស់ជាកោដ្ឋ ដាក់ធាតុបញ្ចុះ នៅជុំវិញបរិវេណ នៃតួប៉មប្រាសាទលលៃនេះ។ តួយ៉ាងដូចជានៅឆ្នាំ២០១៤ យើងធ្លាប់រកឃើញកោដ្ឋចំនួន១១រួចមកហើយ ដែលបានកប់បញ្ចុះនៅក្បែរៗគ្នានៅជ្រុងឦសាននៃតួប៉មដដែលនេះ ហើយភាជន៍ទាំងនោះ ភាគច្រើនជាភាជន៍ មានរាងមូល ដូចជាចានគោម ដោយខ្លះមានគម្រប និងខ្លះគ្មាន។

លោកបានបន្ថែមទៀតថា ភាជន៍ប្រើជាកោដ្ឋ ដែលបានរកឃើញថ្មីនេះ មានមាត់ធំ ខ្លួនត្រង់ និងបាតរាបស្មើ ប្លែកខុសពីគេ រាងដូចជាផើង គ្មានគម្រប ដែលមិនធ្លាប់ឃើញមានពីមុននោះឡើយ។ រីឯផ្ទៃសាច់ភាជន៍ មានស្រទាប់រលោងក្រាស់ពណ៌បៃតង។ តាមក្រុមអ្នកជំនាញ ផ្នែកកុលាលភាជន៍ បានឱ្យដឹងថា ភាជន៍នេះ ជាប្រភេទភាជន៍ នាំចូលពីប្រទេសចិន ដែលប្រហែល ជានៅសតវត្សទី១៩។

ក្រោយពីធ្វើការកាយសម្អាត គូរ និងថតរូបតាមបែបបុរាណវិទ្យា ដើម្បីចងក្រងទុកជាឯកសារ សម្រាប់អ្នកស្រាវជ្រាវ ជំនាន់ក្រោយសិក្សាបន្តរួចមក ក្រុមការងារបានបញ្ចុះកោដ្ឋនោះ ទៅតាមលក្ខណៈដើមវិញ ដូចគ្នានឹងភាជន៍ ដែលធ្លាប់រកឃើញមុនៗ មកដែរ ដើម្បីថែរក្សានិងអភិរក្ស បេតិកភណ្ឌអរូបី គឺជាលក្ខណៈពិសេសរបស់អង្គរ ដែលបេតិកភណ្ឌរូបីនិងអរូបីមិនអាចកាត់ផ្តាច់ពីគ្នាបាន។
ទន្ទឹមនឹងនេះក៏ជាការសម្តែង សេចក្តីគោរព ដល់គោលបំណង របស់គ្រួសារអ្នកស្លាប់ ដែលចង់ឱ្យបុព្វការីជន របស់ខ្លួន រស់នៅឯបរលោក ជាមួយនឹងទេព៕

LEAVE A REPLY

Please enter your comment!
Please enter your name here