UNESCO បង្ហាញពីកម្មវិធី GO-SPIN សម្រាប់ជួយលើកស្ទួយ បណ្តុះបណ្តាល និងចងក្រងវិស័យវិទ្យាសាស្ត្រ នៅក្នុងប្រទេសនីមួយៗ

0
9

ភ្នំពេញ៖ អង្គការ UNESCO តាមរយៈលោក Sardar Umar Alam តំណាងអង្គការ អប់រំ វិទ្យាសាស្ត្រ វប្បធម៌ នៃសហប្រជាជាតិ(UNESCO) ប្រចាំកម្ពុជា បានបង្ហាញនូវកម្មវិធី GO-SPIN (Global Observatory of Science,Tecnology and Innovation Policy Instruments) ដែលយើងអាចនិយាយបានថា៖ ជាកម្មវិធីការអង្កេតសាកល នៃឧបករណ៌គោលនយោបាយ របស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាយន្តការនៃកម្មវិធីមួយ សម្រាប់ជួយលើកស្ទួយ បណ្តុះបណ្តាល និងចងក្រងវិស័យវិទ្យាសាស្ត្រ នៅក្នុងប្រទេសនីមួយៗ ដែលការងារនេះ បានធ្វើជាច្រើនប្រទេសមកហើយ ដូចជាជាមួយប្រទេសឡាវ និង អ៊ីស្រាអែល ជាដើម ។នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ការបង្ហាញនេះធ្វើឡើងនៅក្នុងជំនួប ពិភាក្សាការងារជាមួយលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។

ថ្លែងនៅក្នុងជំនួបនោះ លោក ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបេសក កម្មការងាររបស់អង្គការ UNESCO នៅកម្ពុជា ជាពិសេសទាក់និងការងារវប្បធម៌ និងអប់រំ ។ ដោយឡែកទាក់ទងនិងវិស័យវិទ្យាសាស្ត្រ លោករដ្ឋមន្រ្តីសង្ឃឹមថា៖ អង្គការ UNESCO នឹងយកចិត្តទុកដាក់បន្ថែមទៀត ស្របពេលដែល អតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានប្តូរឈ្មោះ ហើយបានបន្ថែមមុខងារវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាវិស័យស្នូល ដ៏សំខាន់នៅក្នុងនោះ ។

លោក Sardar Umar Alam តំណាងអង្គការ អប់រំ វិទ្យាសាស្ត្រ វប្បធម៌ នៃសហប្រជាជាតិ(UNESCO) ប្រចាំកម្ពុជា បានអបអរសាទរចំពោះ ការបន្ថែមមុខងារ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅក្នុងអតីត ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ។ ដូច្នេះ ជំនួបនាថ្ងៃនេះ គឺអង្គការ UNESCO មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ នឹងពិនិត្យមើលតម្រូវការចាំបាច់ របស់កម្ពុជា សម្រាប់ទិសដៅនាពេលខាងមុខ ។

លោក ចម ប្រសិទ្ធ បានបញ្ជាក់បន្ថែមថា៖ បច្ចុប្បន្ន វិស័យវិទ្យាសាស្ត្រ គឺជាគន្លឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៌សេដ្ឋកិច្ច និងសង្គម បែបឌីជីថល ហើយកំពុងស្ថិតក្នុងបរិបទ នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ ។
ក្នុងនោះការចងក្រង ស្នាដៃផ្នែកវិទ្យាសាស្ត្រ ក៏យើងត្រូវតែគិតគូ ជាចាំបាច់ផងដែរ ពីព្រោះប្រទេសកម្ពុជា ជាប្រទេស សម្បូរណ៌ដោយសម្បត្តិវប្បធម៌ អរិយធម៌ និងសម្បត្តិបេតិកភ័ណ្ឌដ៏រុងរឿង ហើយក៏មានស្នាដៃផ្នែកវិទ្យាសាស្ត្រ នៅក្នុងនោះរួចជាស្រេច ។ ជាក់ស្តែងដូចជា៖ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងរៀបចំចងក្រងឯកសារប្រព័ន្ធឯកតាខ្មែរជាដើម ។

ជាចុងក្រោយដៃគូសន្ទនា បានឯកភាពគ្នា ទៅលើការចែករំលែកបទពិសោធន៌ និងការផ្តល់ទិន្នន័យ របាយការណ៌ ទាក់ទងនិងដំណើរការអនុវត្តន៍ កម្មវិធី GO-SPIN ដែលបានធ្វើរួចហើយជាមួយប្រទេសដ៏ទៃ ពិសេស ជាមួយប្រទេសឡាវ ដើម្បីជាមូលដ្ឋានសម្រាប់កម្ពុជា យកមកអនុវត្តន៍ និងសរសេរចេញជារបាយការណ៌ ។ ជាមួយគ្នានេះ ជាបន្តបន្ទាប់ គួរមានកិច្ចប្រជុំ ឬ សិក្ខាសាលាស្វែងយល់កម្មវិធី GO-SPIN នេះឲ្យកាន់តែស៊ីជម្រៅជាមួយ អ្នកវិទ្យាសាស្ត្រកម្ពុជា ដែលក្រសួងកំពុងគិតគូប្រមូលផ្តុំ ឲ្យស្ថិតក្នុងបញ្ជីសារពើភ័ណ្ឌមួយ សម្រាប់ជាធនធានខួរក្បាលរបស់ជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here