ភ្នំពេញ ៖ ដូចដែលបងប្អូនពលរដ្ឋទូទៅ បានដឹងថា អំពើយាយី (Bully) បានកើតមានស្ទើគ្រប់ទីកន្លែង តួយ៉ាងនៅសាលារៀន កន្លែងធ្វើការ ក្នុងសហគមន៍ ឬទីកន្លែងផ្សេងៗ ដែលប្រព្រឹត្តិដោយបុគ្គល ឬក្រុមមនុស្ស គោលដៅដាក់សម្ពោធផ្លូវចិត្ត ដល់ជនរងគ្រោះ។នាយកដ្ឋានព័ត៌មានវិទ្យាអោយដឹងថា ដោយសារភាពរីកចម្រើន ផ្នែកបច្ចេកវិទ្យា អំពើយាយីបានពង្រីកវិសាលភាព ដោយប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណេត ជាមធ្យោបាយ ផ្តោតលើជនរងគ្រោះ។
តាមរយៈរបាយការណ៍ របស់ អង្គការមូលនិធិ សម្រាប់កុមារអន្តរជាតិ របស់អង្គការសហប្រជាជាតិ (UNICEF) បានបង្ហាញថាយុវជនកម្ពុជា ដែលមានអាយុចន្លោះពី ១៥ឆ្នាំ ដល់ ២៥ឆ្នាំ ប្រមាណ ៨៥.៧% កំពុងជួបបញ្ហា នៃការយាយីដោយ ប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណេត ក្នុងពេលដែលចំនួន អ្នកប្រើប្រាស់ អ៊ីនធឺណេត នៅកម្ពុជា មានប្រមាណ ៩.៧ លាននាក់ (៦០% នៃចំនួនប្រជាជនសរុប)។
លើសពីនេះក្នុងរបាយការណ៍ ស្រាវជ្រាវរបស់ “CambodiaEducation” បង្ហាញពីស្ថិតិនៃផលប៉ះពាល់កើតឡើងដោយអំពើយាយី (Bully) ដូចខាងក្រោម៖
– កុមារ និងយុវជនកម្ពុជា ប្រមាណ ១៦០០០០នាក់ បានបោះបង់ការសិក្សា
– ក្នុងនោះមានយុវជនថ្នាក់វិទ្យាល័យ ប្រមាណ ១៤% បានព្យាយាមធ្វើអត្តឃាត
– ការចាកចេញពីផ្ទះ ចូលរួមសង្គមងងឹត ពេស្សាចារ និងអំពើល្មើសច្បាប់ផ្សេងៗ
– លើសពីនេះមានផលប៉ះពាល់ជាច្រើនទៀត ដែលកើតឡើងដោយអំពីយាយីនេះ
ដើម្បីចូលរួមប្រយុទ្ធប្រឆាំង អំពើយាយីដូចបានរៀបរាប់ ខាងលើ ក្រៅពីស្ថាប័នមានសមត្ថកិច្ច របស់រាជរដ្ឋាភិបាល អាណាព្យាបាល គណៈគ្រប់គ្រងសាលា និងសាស្ត្រាចារ្យ គឺជាបុគ្គលសំខាន់ ទាមទារក្នុងការចូលរួម ប្រយុទ្ធប្រឆាំង អំពើយាយីមកលើកុមារ និងយុវជន ដែលជាធនធានមនុស្សសម្រាប់សង្គមជាតិ៖
១- អាណាព្យាបាល៖ គឺជាបុគ្គលសំខាន់ក្នុងដំណើរការពារ និងទប់ស្កាត់អំពើយាយី ដោយអនុវត្តនូវវិធីសាស្ត្រដូចខាងក្រោម៖
– ធ្វើការអប់រំបុត្រធីតាខ្លួនអំពីអំពើយាយី និងផលប៉ះពាល់
– លើកទឹកចិត្តបុត្រធីតា ក្នុងការរាយការណ៍ជូនគណៈគ្រប់គ្រងសាលា អាណាព្យាបាល ពេលជួប ឬបានឃើញនូវអំពើយាយីមកលើខ្លួន ឬមិត្តរួមថ្នាក់
– ណែនាំបុត្រធីតា ឱ្យចេះលើកទឹកចិត្តមិត្តរួមថ្នាក់ដែលរងគ្រោះដោយអំពើយាយី
– ធ្វើការសង្កេត ស្វែងយល់ និងលើកទឹកចិត្តបុត្រធីតា របស់ខ្លួន និងធ្វើការរាយការណ៍ជូនគណៈគ្រប់គ្រងសាលា នៅពេលរកឃើញអំពើយាយីផ្សេងៗ
២- គណៈគ្រប់គ្រងសាលា និងសាស្ត្រាចារ្យ៖ ក្នុងនាមជាមជ្ឈមណ្ឌលផ្តល់ការអប់រំ ក្នុងដំណើរការពារ និងទប់ស្កាត់អំពើយាយី ដោយអនុវត្តនូវវិធីសាស្ត្រដូចខាងក្រោម៖
– បង្កើតនូវបទបញ្ញាត្តិ បទបញ្ជាផ្ទៃក្នុង ស្តីពីអំពើយាយី
– ធ្វើការបញ្ជ្រាបចំណេះដឹងដល់កុមារ និងយុវជន ដោយបង្ហាញអំពីទោសទណ្ឌ និងផលប៉ះពាល់នៃអំពើយាយី
– ធ្វើការអង្កេត និងស្រាវជ្រាវ នៅពេលជួបនូវករណីយាយីផ្សេងៗ
– សហការណ៍ផ្តល់ដំណឹងដល់អាណាព្យាបាល នៅពេលដែលបុត្រធីតារបស់ពួកគាត់ ជួបនូវបញ្ហានៃអំពើយាយី ឬជាអ្នកប្រព្រឹត្តិអំពើយាយីផ្សេងៗ៕