ជាង ១០ឆ្នាំចុងក្រោយ បទល្មើសបាញ់សម្លាប់ សត្វដំរីព្រៃយកភ្លុក និងកន្ទុយមានការធ្លាក់ចុះខ្លាំង

0
8

ភ្នំពេញ៖ លោក នេត្រ ភត្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា នៅក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់ សត្វដំរីព្រៃដើម្បីយកភ្លុក និងកន្ទុយមានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មានដោយសារមាន ការអនុវត្តច្បាប់យ៉ាងតឹងរឹង។

តាមបណ្ដាញទំនាក់ទំនង ប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក នេត្រ ភត្រ្តា បានថ្លែងថា
“នៅក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃដើម្បីយកភ្លុកនិងកន្ទុយដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើតែគ្មានដោយសារតែ ការអនុវត្តច្បាប់តឹងរឹង ខណៈពីជាង ៣០ ឆ្នាំមុន ការបរបាញ់បានសម្លាប់ សត្វដំរីព្រៃអស់ជាច្រើនក្បាល”។

លោកបញ្ជាក់ថា ប៉ុន្តែជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃបានកើតឡើង នៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីតាំង ចម្ងាយឆ្ងាយ និងចម្ងាយជិតតាមរដូវកាល និងការស្វែងរកចំណី អាចរងការរំខានដោយសារតែវត្តមាន របស់មនុស្សនៅក្នុងតំបន់ ដែនជម្រករបស់ពួកវា និងលើសពីនេះ ដំរីព្រៃអាចទទួលរងការវាយតប ពីសំណាក់ប្រជាជនរហូតដល់រងរបួស ឬឈានដល់ការ សម្លាប់ជាការសងសឹកនឹង ដំរីព្រៃដែលបានចូលមក ស៊ីដំណាំរបស់ពួកគេ។

លោករដ្ឋលេខាធិការបញ្ជាក់បន្ថែមថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅ ក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផល ដល់ការរស់នៅ របស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួន ៧១ក្បាល។

ជាមួយគ្នានោះលោកបន្ថែមទៀតថា យោងតាមការសិក្សា ស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរី អាស៊ីនៅលើពិភពលោក បានថយចុះប្រហែលជា ៥០% ចំណែកឯទីជម្រករបស់វា បានបាត់បង់អស់ជិត ៩០%។

លោកពីនេះទៀតលោកសង្កត់ធ្ងន់ថា ដំរីអាស៊ីកំពុងតែទទួលរងការ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ នៅទូទាំងដែនជម្រករបស់វា នៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូល ជាប្រភេទជិតផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)។

សូមបញ្ជាក់ថា រយៈពេល ១០ ខែ ឆ្នាំ២០២០នេះ ក្រុមមន្ត្រីឧទ្យានុរក្សនៃ ក្រសួងបរិស្ថាននិងសហគមន៍តំ បន់ការពារធម្មជាតិ បានចុះល្បាតក្នុងតំបន់ ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះទាំង ៦៨ កន្លែងដែលមានផ្ទៃដីសរុបជាង ៧,៣ លានហិកតា ប្រមាណ៤១% នៃផ្ទៃប្រទេសកម្ពុជា បានដកអន្ទាក់បានប្រមាណ ៣០០០០ អន្ទាក់ និងជួយសង្គ្រោះសត្វព្រៃជាច្រើនក្បាល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here