ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ប្រសិនបើមានប៉ូលិសប៉ុស្ដិ៍នៅកន្លែងណាមួយព្រងើយកន្តើយ និងមិនយកចិត្តទុក្ខដាក់ ប្រជាពលរដ្ឋមានសិទ្ធប្ដឹង ទៅតាមហ្វេសប៊ុកសម្ដេចផ្ទាល់ ដើម្បីឲ្យសម្ដេចចាត់មន្ដ្រីទៅដោះស្រាយដោយផ្ទាល់។
ក្នុងពិធីចុះសួរសុខទុក្ខ និងចែកស្រូវពូជ ជូនប្រជាពលរដ្ឋខ្វះខាត នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចក្រឡហោម ស ខេង សំណូមពរ ដល់មាតា-បិតា ត្រូវធ្វើយ៉ាងណាគ្រប់គ្រងកូនចៅរបស់ខ្លួនឲ្យបានដិតដល់ កុំឲ្យប៉ះពាល់ជាមួយ គ្រឿងញៀន។
សម្ដេចបន្ដថា បើលឺព័ត៌មានថា កូនចៅរបស់ខ្លួនពាក់ព័ន្ធគ្រឿងញៀនហើយ ត្រូវរាយការណ៍ទៅសមត្ថកិច្ច នៅតាមមូលដ្ឋាន បើសមត្ថកិច្ចមិនយកចិត្តទុកដាក់ទៀត ត្រូវរាយការណ៍តាមហ្វេសប៊ុករបស់សម្ដេចផ្ទាល់។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ឥឡូវស្រួលណាស់ បើថា រាយការណ៍ទៅប៉ូលិសប៉ុស្ដិ៍ ហើយប៉ូលីសប៉ុស្ដិ៍ប្រងើយកន្ទាយ មិនចាប់អារម្មណ៍ មិនចាត់វិធានការ យើងមានបណ្ដាញហ្វេសប៊ុក មានព័ត៌មានសង្គមច្រើនណាស់ ខ្ញុំក៏មានហ្វេសប៊ុក ដាក់តាមហ្នឹងទៅ អាហ្នឹងគឺលឿនទាំងអស់គ្នា»។
សម្ដេចក្រឡាហោម ក៏បានរំលឹកថា នាពេលកន្លងមក សម្ដេចចាត់មន្ដ្រីរបស់ខ្លួនប្រមូលព័ត៌មាន តាមហ្វេសប៊ុករបស់សម្ដេចផ្ទាល់ ដោយមិនរើសអើងព័ត៌មានឡើយ។
សម្ដេចបន្ដថា ព័ត៌មានតាម ហ្វេសប៊ុក វិទ្យុ ទូរស្សន៍ ជាដើម គឺជាពាក្យបណ្ដឹង ឲ្យតែពាក់ព័ន្ធជាមួយ ក្រសួងមហាផ្ទៃ ដូច្នេះ ត្រូវប្រមូលព័ត៌មានឲ្យសម្ដេច ដើម្បីចាត់ឲ្យមន្ដ្រីធ្វើការដោះស្រាយ តើរឿងពិត ឬមិនពិតហើយ ភាគច្រើន គឺជាព័ត៌មានពិត ផងដែរ។
សម្ដេចក្រឡាហោម បន្ថែមថា ទាំងនេះជារឿងល្អ សម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធ ភាពខ្ពស់ ហើយថ្នាក់ដឹកនាំត្រូវប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រាយ ដើម្បីងាយស្រួលជួយដោះស្រាយប្រជាពលរដ្ឋ នៅពេលប្រជាពលរដ្ឋជួបទុក្ខលំបាកអ្វីមួយ៕