ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ មានគោលបំណង កំណត់អំពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេស ទាក់ទងនឹងដំណើរការនីតិវិធីនានា ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងការបង្កក ការចាប់យក និងការរឹបអូសទ្រព្យក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។
យោងតាមព្រះរាជក្រម បានបញ្ជាក់ថា ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះ៖
-ការជួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដែលត្រូវផ្តល់ដល់រដ្ឋធ្វើសំណើទាំងអស់ ទោះបីរដ្ឋធ្វើសំណើនោះមិនមានកិច្ចព្រមព្រៀង ជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ។
-ការស្វែងរកការជួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ពីរដ្ឋទទួលសំណើទាំងអស់ ទោះបីរដ្ឋទទួលសំណើនោះមិនមានកិច្ចព្រមព្រៀង ជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ។ ច្បាប់នេះមិនមានវិសាលភាពអនុវត្ត ចំពោះការជួយទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ដែលធ្វើឡើងស្របតាមសន្ធិសញ្ញា ឬអនុសញ្ញាទេ្វភាគី ឬពហុភាគី ដែលបានទទួលសច្ចាប័នពីព្រះរាជាណាចក្រកម្ពុជា។
នីតិវិធីផ្ទៃក្នុងសម្រាប់អនុវត្តន៍សំណើជួយគ្នាទៅវិញទៅមក ដែលមានចែងក្នុងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះគ្រប់ករណីទាំងអស់នៃការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដែលធ្វើឡើង ស្របតាមសន្ធិសញ្ញា ឬអនុសញ្ញាទេ្វភាគី ឬពហុភាគីដែលបានទទួលសច្ចាប័ន ពីព្រះរាជាណាចក្រកម្ពុជាផង លើកលេងតែមានបញ្ញាតផ្ទុយ ដែលមានចែងជាក់លាក់ក្នុងសន្ធិសញ្ញា ឬអនុសញ្ញានោះ ឬច្បាប់ផ្សេងទៀត នៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះ ក៏មិនរារាំងដល់ការធ្វើសំណើ ឬទទួលសំណើទាក់ទងនឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ឬកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋបរទេសណាមួយ តាមរយៈមធ្យោបាយស្របច្បាប់ផ្សេងទៀតឡើយ៕