ឡា​​វ​ ​ស​ន្យា​យ​ក​ម៉ា​ស​ ​២​លាន​ ​ដែ​ល​ក​ម្ពុ​ជា​ផ្ដ​ល់​ជូ​ន​ ទៅ​ប្រើ​ឲ្យ​មា​ន​ប្រ​សិ​ទ្ធិ​ភា​ព​បំ​ផុ​ត

0
12

ភ្នំពេញ៖ លោក ថង លូនស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានសន្យាយកជំនួយម៉ាស ២លាន និងបរិក្ខាពេទ្យជាច្រើនទៀត ដែលសម្ដេចតេជោ ហ៊ុន សែន ផ្ដល់ឲ្យ យកទៅប្រើប្រាស់ឲ្យមានប្រសិទ្ធិភាពបំផុត សំដៅការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសឡាវ ។

តាមរយៈលិខិតថ្លែងអំណរគុណ ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ វិច្ឆិកា លោកនាយករដ្ឋមន្ត្រីឡាវ បានមានប្រសាសន៍ថា លោកមានកិត្តិយស ដែលបានទទួលលិខិតរបស់សម្តេច ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ អំពីការផ្តល់ ជំនួយសប្បុរសធម៌ រួមមានម៉ាសចំនួន ២លាន បរិក្ខារពេទ្យសំខាន់ៗ និងចាំបាច់ដទៃទៀត ដល់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសឡាវ។

តាងនាមរដ្ឋាភិបាល និងប្រជាជនឡាវ លោក ថង លូនស៊ីសូលីត បានសម្តែងនូវការដឹងគុណយ៉ាង ជ្រាលជ្រៅ និងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះការឧបត្ថម្ភគាំទ្រដ៏មានតម្លៃ ដែលសម្តេច ក៏ដូចជា រដ្ឋាភិបាល និងប្រជាជនកម្ពុជា ផ្តល់ឲ្យក្នុងគ្រាដ៏លំបាកនេះ ដែលប្រទេសយើងទាំងពីរកំពុងជួបប្រទះ។

លោកនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការដឹងគុណ និងក្តីរំភើបជាអតិបរមាចំពោះរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណា ចក្រកម្ពុជា ដែលបានផ្តល់ជំនួយដល់ប្រទេសឡាវ បើទោះជាកំពុងទទួលរងនូវផលប៉ះពាល់ដោយជំងឺ កូរ៉ូណាវីរុសយ៉ាងណាក៏ដោយ។ លោកបន្តថា កាយវិការនេះជាការឆ្លុះបញ្ចាំង អំពីចំណងមិត្តភាពដ៏ជិតស្និទ្ធនិងជា ប្រពៃណី ពីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាអ្នកជិតខាងល្អ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសយើងទាំងពីរដែលកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

នាយករដ្ឋមន្ត្រីឡាវ បានធានាអះអាងចំពោះ សម្តេចតេជោថា «ជំនួយដែលទទួលបាន នឹងត្រូវប្រើប្រាស់ឲ្យមានប្រសិទ្ធិភាពបំផុត សំដៅការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតនេះនៅក្នុងប្រទេសឡាវ។ ទន្ទឹមនឹងនេះ ខ្ញុំជឿជាក់ថា រដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា នឹងអាចធ្វើការទប់ស្កាត់ និងទទួលបានជ័យ ជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃជំងឺកូវីដ-១៩» ។

លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានគោរពជូនពរ សម្តេចសូមមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យ កាន់តែច្រើនថែមទៀត នៅក្នុងការបំពេញភារកិច្ច ដ៏ឧត្តុងឧត្តមរបស់សម្តេច ៕

LEAVE A REPLY

Please enter your comment!
Please enter your name here