ភ្នំពេញ៖ ដើម្បីចូលរួមអនុវត្តសេដ្ឋកិច្ចការទូត ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និង ភរិយា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការ 10th Thai Silk Road to the World 2020 ដែលរៀបចំឡើងនៅ វិមានរដ្ឋាភិបាលថៃ ក្រោមអធិបតីភាព លោក វិស្ណុ គ្រឿង៉ាម ឧបនាយករដ្ឋមន្រ្តីនៃប្រទេសថៃ។
នៅក្នុង ឱកាសនោះ ក្នុងនាមជាសមាជិកមួយរូបនៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ខាងលើ ឯកអគ្គ រាជទូត បានជម្រាបជូនអង្គប្រជុំ អំពីការចូលរួម របស់ កម្ពុជា តាមរយៈ ការជ្រើសរើសឈុត «ព្រះថោងតោងស្បៃនាងនាគ» ដែលជាម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បី បង្ហាញជូនដល់ពិភពលោក ជាមួយបណ្តាអង្គទូត និងតារាបង្ហាញម៉ូតអាជីពប្រមាណជាង ១០០ ដែលគ្រោងនឹងរៀបចំឡើងក្នុងដើមខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងបាងកក៕