រកឃើញប្រភេទ ដើមឈើថ្មី ជិតផុតពូជពីរប្រភេទ នៅក្នុងដែនជម្រកសត្វ ព្រៃកែវសីមា

0
7

ភ្នំពេញ៖ ដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានគេស្គាល់ថា ជាទីជម្រកសម្រាប់រុក្ខជាតិតូចៗនិងដើមឈើសរុបជាង ២៦០ប្រភេទ ក្នុងនោះមាន ២០ប្រភេទកំពុងឈានទៅរកការផុតពូជជាសកល និង ៥៣ប្រភេទទៀត ត្រូវបានរដ្ឋបាលព្រៃឈើចាត់ចំណាត់ថ្នាក់ជាប្រភេទឈើប្រណិត ឬប្រភេទឈើលេខ១ លេខ២ ឬលេខ៣។ នេះបើយោងតាមអង្គការWCS Cambodia។

ក្រុមអ្នកស្រាវជ្រាវ មកពីប្រទេសជប៉ុន សហការជាមួយមន្ត្រី រដ្ឋបាលព្រៃឈើកម្ពុជា បានរកឃើញនិងបានដាក់ឈ្មោះ ប្រភេទដើមឈើថ្មីទាំងពីរ ប្រភេទដែលរកឃើញ នៅក្នុងតំបន់ការពារធម្មជាតិនេះ ដោយមួយប្រភេទបានដាក់ ឈ្មោះវិទ្យាសាស្ត្រថា «ម៉ាឈីលូស កាំបូឌីយ៉ាណា (Machilus cambodiana)» ដោយឈ្មោះខាងចុងយកតាមឈ្មោះប្រទេសកម្ពុជា និងមួយប្រភេទទៀតបានដាក់ឈ្មោះវិទ្យាសាស្ត្រថា «ម៉ាឈីលូស សីមេនស៊ីស (Machilus seimensis)» ដោយឈ្មោះខាងចុងយកតាមឈ្មោះដែនជម្រកសត្វព្រៃកែវសីមា។

ទោះបីជាអង្គការ IUCN មិនទាន់បានដាក់បញ្ចូលរុក្ខជាតិថ្មីទាំងពីរប្រភេទនេះចូលទៅក្នុងបញ្ជីក្រហមរបស់ខ្លួនក្តី ក៏ក្រុមអ្នកស្រាវជ្រាវ ជឿថាដើមឈើរកឃើញថ្មីទាំងពីរប្រភេទនេះកំពុងរងការគំរាមកំហែងជិតផុតពូជ ដោយសារប្រភេទរុក្ខជាតិទាំងពីរប្រភេទនេះមានចំនួនតិចតួចនៅក្នុងព្រៃស្រោង ហើយក្រុមអ្នកស្រាវជ្រាវ បានរកឃើញដើមឈើ ប្រភេទនេះតែពីរបីដើមប៉ុណ្ណោះ ក្នុងកំឡុងពេលធ្វើ ការសិក្សាស្រាវជ្រាវរបស់ខ្លួន។

ក្រុមអ្នកស្រាវជ្រាវ ក៏បានពិពណ៌នា ផងដែរអំពីប្រភេទរុក្ខជាតិថ្មីៗនៅឧទ្យានជាតិបូកគោ ខេត្តកំពត និងដែនជម្រកសត្វព្រៃភ្នំដងរែកភាគកណ្តាល។ សំណាកនៃប្រភេទរុក្ខជាតិថ្មីៗទាំងអស់ បានរក្សាទុក នៅឯបន្ទប់រក្សាសំណាក ជីវៈចម្រុះរបស់រដ្ឋបាលព្រៃឈើ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here