អបអរសាទរ! ក្មេងប្រណាំងកង់បីនាក់ ត្រូវសាលាប៊ែលធី ផ្តល់អាហាររូបករណ៍១០០%

0
8

ភ្នំពេញ៖ ដោយមើលឃើញ ពីភាពក្លាហាន ចេះតស៊ូក្នុងជីវិត និងមានក្តីស្រមៃ ចង់បន្តការសិក្សាឱ្យបានខ្ពស់ របស់ក្មេង ជាអ្នកប្រណាំងកង់ ដែលទទួលបានប្រជាប្រិយិ៍ភាព ជាងគេ ទាំង៣នាក់ (១-ប៉ិច ធារ៉ា ២-សុវណ្ណ សាលី ៣-ឆុន ភារម្យ) លោកលី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធីគ្រុប ផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់ចំណេះទូទៅ (ពីថ្នាក់ទី៣ ដល់ទី១២) និងភាសាអង់គ្លេសទូទៅ (Preschool ដល់ Level 12) មួយចប់កម្មវិធីសិក្សាជូនដល់ក្មួយៗទាំង ៣នាក់ ឱ្យមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ

ការអោយដឹងបែបនេះធ្វើឡើង នៅក្នុងឱកាស លោកលី ឆេង បានជួបសំណេះសំណាល ជាមួយក្មេងជាអ្នកប្រណាំងកង់ ទាំងបី និងអាណាព្យាបាល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកលី ឆេង បានបញ្ជាក់ថា «ដោយមើលឃើញ ពីភាពក្លាហាន ចេះតស៊ូក្នុងជីវិត និងមានក្តីស្រមៃ ចង់បន្តការសិក្សាឱ្យបានខ្ពស់ ថ្ងៃនេះ លោកសូមផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់ចំណេះទូទៅ (ពីថ្នាក់ទី៣ ដល់ទី១២) និងភាសាអង់គ្លេសទូទៅ (Preschool ដល់ Level 12) មួយចប់កម្មវិធីសិក្សាជូនដល់ក្មួយៗទាំង ៣នាក់ ឱ្យមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ ដែលក្នុងនោះ រួមមាន៖ ១-កុមារា ប៉ិច ធារ៉ា អាយុ ១៣ឆ្នាំ ២-កុមារា សុវណ្ណ សាលី អាយុ ១៣ឆ្នាំ និង ៣-កុមារា ឆុន ភារម្យ អាយុ ៩ឆ្នាំ» ។

លោក លោកលី ឆេង ក៏បានកោតសរសើរដល់ក្មេងៗទាំងបីនាក់ខាងលើ បើទោះបីជាក្មួយជិះកង់ចាស់ មិនល្អដូចគេយ៉ាងណាក៏ដោយ ក៏ក្មួយមិនអស់សង្ឃឹម មិនបាក់ទឹកចិត្តនោះដែរ គឺក្មួយបានខិតខំ ប្រឹងប្រែងប្រកួត យ៉ាងក្លាហាន និងអស់ពីកម្លាំងកាយចិត្ត រហូតអាចទទួលបានចំណាត់ថ្នាក់លេខ៤ លេខ៥ និងលេខ៦ ក្នុងចំណោមអ្នកចូលរួមប្រកួតជាច្រើននាក់ ដែលមានទាំងជនជាតិខ្មែរ និងបរទេស។ ហើយលោកក៏សូមលើកទឹកចិត្តក្មួយៗ ត្រូវខិតខំ សិក្សារៀនសូត្រ ឱ្យបានពូកែ ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គម ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី និងជាធនធានដ៏មានសារៈសំខាន់សម្រាប់ជួយអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។

ទន្ទឹមគ្នានេះ លោក លី ឆេង ក៏សូមថ្លែងអំណរគុណ លោក គួច ចំរើន និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលបានជួយ សម្របសម្រួលឱ្យក្មួយៗទាំង៣នាក់ មានឱកាសបានទទួល អាហារូបករណ៍នាពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here