ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណ:ការនិងដឹកជញ្ជួនកាល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងឃាត់បានរថយន្តដឹកលើស ទម្ងន់កម្រិតកំណត់ចំនួន ៣២គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៦០ ក្នុងភូមិសាស្ត្រភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារបានត្រួតពិនិត្យ រថយន្តដឹកស្រូវ ដំឡូង ចំណីសត្វ ស្វាយ និងជ័រកៅស៊ូ ចំនួន៣២គ្រឿង ដោយបានរកឃើញរថយន្តចំនួន ២៩គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់ ក្នុងនោះរថយន្តចំនួន ២៦គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់ពី ៥% ទៅ ២០% និងរថយន្តចំនួន ៣គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់លើសពី ២០%។
លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងចំណោមរថយន្ត ដែលដឹកលើសទម្ងន់ កម្រិតកំណត់ទាំង ២៩គ្រឿងនោះ រថយន្ត ២៦គ្រឿង ដែលដឹកលើសទម្ងន់ កម្រិតកំណត់ចន្លោះពី ៥% ទៅ ២០% នឹងត្រូវរើឥវ៉ាន់ចេញ ហើយផាកពិន័យ ទៅតាមច្បាប់កំណត់។ ដោយឡែកចំពោះរថយន្ត ៣គ្រឿង ដែលដឹកលើសទម្ងន់លើសពី ២០% នឹងត្រូវបង់ពិន័យ និងឃាត់រថយន្តទុករយ:ពេល ១ឆ្នាំ ដោយអនុលោមតាមមាត្រា ៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។
គួសបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញ សេចក្តីជូនដំណឹងលេខ០៤៩ សជណ.សក.គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើ បណ្តាញផ្លូវថ្នល់ដល់ម្ចាស់ ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ដោយការរឹតបន្តឹងនេះបានចាប់អនុវត្តពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ។
ឆ្លៀតក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានពន្យល់ណែនាំ ដល់ម្ចាស់រថយន្ត អំពីច្បាប់នៃការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ (ច្បាប់ស្ដីពីផ្លូវថ្នល់) និងសំណូមពរទៅក្រុមហ៊ុនផ្គត់ផ្គង់ សហគ្រាស និងម្ចាស់រថយន្តដឹកជញ្ជូន ទាំងអស់ ចូលរួមសហការអនុវត្តច្បាប់នេះ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសវាងមហន្តរាយដល់ផ្លូវជាតិ (ឆាប់ខូចមុនអាយុកាល) និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ ៕




