លោក ដួង តារា មានជំនឿយ៉ាងមុតមាំលើសុខភាព ផ្ទាល់ខ្លួន គឺគ្មានជំងឺកូវីដ១៩ឡើយ

0
8

ភ្នំពេញ៖ នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ការវាយតម្លៃបិទបញ្ចប់ នៃព្រឹត្តិការណ៍៣វិច្ឆិកា នឹងឈានមកដល់ លោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា សុខភាព ផ្ទាល់ខ្លួន គឺគ្មានជំងឺកូវីដ-១៩ ឡើយ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ដួង តារា បានសរសេររៀបរាប់ថា សុខសប្បាយបងប្អូនទាំងអស់គ្នា រង់ចាំអ៊ុតលទ្ធផលកូវីដចុងក្រោយថ្ងៃស្អែកទាំងអស់គ្នា! ចាប់ពីពេលជាប់ ធ្វើចត្តាឡីស័កមក ខ្ញុំមានការនឹករឮកបងប្អូន ជាពិសេសនឹកកន្លែងការងារ និងកន្លែងដែលធ្លាប់ជួបជុំញាំ អាហារនៅខាងក្រៅមួយចំនួន។ ស្អែកនេះ (១៨វិច្ឆិកា) ខ្ញុំត្រូវធ្វើតេស្តកូវីដ-១៩ លើកទី៤ចុងក្រោយ។

លោកបញ្ជាក់ថា «ខ្ញុំមានជំនឿមុតមាំលើសុខភាពខ្ញុំផ្ទាល់គឺគ្មានជំងឺកូវីដ-១៩ ឡើយ។ ប៉ុន្តែត្រូវរង់ចាំលទ្ធផលធ្វើតេស្តផ្លូវការនៅថ្ងៃស្អែក ដែលរៀបចំ ដោយក្រសួងសុខភិបាលសិន។ ទោះបីមានរោគ គ្មានរោគ ទោះបីជាប់ក្នុងចត្តាឡីស័ក ឬមិនជាប់យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង »។

សូមរំលឹកថា គិតចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្ដអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា សរុបចំនួន៣៩១៨ វត្ថុសំណាក ក្នុងនោះ មានវិជ្ជមានតែចំនួន៤នាក់ប៉ុណ្ណោះ គឺលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ព្រមទាំងអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ប៉ុន្តែបើយោងតាមសេចក្ដីប្រកាសព័ត៍មាន របស់ក្រសួងសុខាភិបាល កាលពីព្រឹកមិញនេះ បានអោយដឹងថា លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ បានព្យាបាលជាសះស្បើយវិញហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here