ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស លើសំណុំរឿងអតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ដាក់ពន្ធនាគារកំណត់៧ឆ្នាំ ពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន១០០លានរៀល និងរឺបអូសដីចំនួន៣កន្លែងដាក់ចូលជាសម្បត្តិរដ្ឋ។
សាលក្រនេះបានទុកសិទ្ធិឲ្យជនជាប់ចោទប្តឹងឧទ្ធរតាមកំណត់ច្បាប់ ។ ជនជាប់សង្ស័យមានឈ្មោះ នួន ប៉ុក ភេទប្រុស អាយុ៤៥ឆ្នាំ អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម នឹងសំណង់ខេត្តព្រះសីហនុ។
សូមរំលឹកថា នៅរសៀលថ្ងៃទី៥ ខែមីនា តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ជាផ្លូវការហើយ ហើយក៏បានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួររួចផងដែរ ។
អ្នកនាំពាក្យសាលាដំបូងបញ្ជាក់ទៀតថា ការសម្រេចចោទប្រកាន់លើជនសង្ស័យគឺមានចំនួន៣បទល្មើស៖
១-បទរំលោភអំណាច
២-បទបំពានធនធានធម្មជាតិ
៣-បទផ្តល់និងប្រើប្រាស់ឯកសារក្លែងដោយអាជ្ញាធរ។
ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងនេះត្រូវបានចាត់បញ្ជូនទៅដល់ដៃលោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរដើម្បីសម្រេចឃុំជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោសទៅតាមច្បាប់ជាធរមាន។
គួរបញ្ជាក់ថា អតីតប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម នឹងសំណង់ ខេត្តព្រះសីហនុ នាវេលាម៉ោង៥ល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា (ACU) បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនស្ថាប័នអយ្យការ ធ្វើការសាកសួរ នឹងចោទប្រកាន់ជាផ្លូវការ ពាក់ពន្ធប្រព្រឹត្តបទល្មើសពុករលួយ ។ ជនសង្ស័យត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី១ ខែមីនា ដែលធ្វើឡើងនៅខេត្តព្រះសីហនុបញ្ជូនមកកាន់រាជធានីភ្នំពេញ៕