កម្ពុជា-ដាណឺម៉ាក ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកការទូតសេដ្ឋកិច្ច

0
22

ភ្នំពេញ៖ ទោះបីជាកំពុងប្រឈមនឹង វិបត្តិជំងឺកូវីដ១៩ ដូចគ្នា ប៉ុន្តែកម្ពុជា និងដាណឺម៉ាក បានសន្យាបន្តពង្រឹងវិស័យការទូត សេដ្ឋកិច្ចថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ខណៈដែលទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មកាលពីឆ្នាំ២០១៩ សម្រេចបានជាង ៣០០លានដុល្លារអាមេរិក។

ការសន្យានេះ បានធ្វើឡើង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នៅក្នុងជំនួបពិភាក្សារវាង លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត កម្ពុជាប្រចាំ ប្រទេសថៃ និងលោក ចន ថូរហ្គាដ (Jon Thorgaard) ឯកអគ្គរាជទូតដាណឺម៉ាកថ្មីប្រចាំប្រទេសកម្ពុជា ដែលមាននិវាសដ្ឋាននៅក្នុងព្រះរាជាណាចក្រថៃ។

នៅក្នុងឱកាសនោះ លោក អ៊ូក សោភ័ណ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងដាណឺម៉ាក និងបានជម្រាបលោក ចន ថូរហ្គាដ ពីកិច្ចប្រឹងប្រែងរបស់ស្ថានទូតក្នុងការជំរុញការទូតសេដ្ឋកិច្ច ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ព្រមទាំងយុទ្ធសាស្ត្រថៃបូក១ ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ឱ្យចូលទៅកម្សាន្ត និងធ្វើធុរកិច្ចកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក ចន ថូរហ្គាដ បានជម្រាបជូន អំពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ពីមនុស្សទៅសត្វស្ការ (Mink) ដែលចិញ្ចឹមនៅតាមកសិដ្ឋាន ធ្វើឱ្យប៉ះពាល់ដល់ ការនាំចេញពីដាណឺម៉ាកមកកម្ពុជា។ បែបនេះក្តី ប្រមុខការទូតរូបនេះ បានបង្ហាញសុទិដ្ឋិនិយម និងការប្តេជ្ញាចិត្តបន្តជំរុញការទូតសេដ្ឋកិច្ចជាមួយប្រទេសនានា រាប់ទាំងកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំហំពាណិជ្ជកម្ម ដោយសារ ឯកឧត្តមជាប្រធានក្រុមឯកអគ្គរាជទូតដាណឺម៉ាក នៃប្រទេសចំនួន១៧ ក្នុងតំបន់អាស៊ាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here